តារាសម្តែងឥណ្ឌា និងជា YouTuber ម្នាក់ លោក Rahul Vohra បានទទួលមរណភាពកាលពីពេលថ្មីៗនេះ ក្រោយលោកបានបង្ហោះសារអំពាវនាវនៅលើបណ្តាញសង្គម ដើម្បីសុំជំនួយ និងចេញវីដេអូចុងក្រោយ រិះគន់ទៅលើក្រុមគ្រូពេទ្យមើលថែព្យាបាលលោក មិនមានការយកចិត្តទុកដាក់ ខណៈដែលពេលនោះលោកបានកំពុងតស៊ូប្រយុទ្ធនឹងរលកទី២នៃជំងឺ COVID-19 ។

តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកស្រោមបេះដូង កាលពីសប្តាហ៍មុន ហើយត្រូវបានផ្លាស់ប្តូរទៅមន្ទីរពេទ្យនៅទីក្រុងញូវដេលី មុនពេលស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន។ នៅពេលនោះ តារាសម្តែងរូបនេះបានបង្ហោះសារអំពាវនាវនៅលើហ្វេសប៊ុក ដោយស្វែងរកគ្រែមានអុកស៊ីសែន ដែលខ្វះខាតក្នុងប៉ុន្មានថ្ងៃនេះ នៅក្នុងរដ្ឋធានីឥណ្ឌា ខណៈដែលករណីជម្ងឺ COVID-១៩ កើនឡើង។

ក្នុងនោះ លោក Vohra បានបង្ហោះកាលពីថ្ងៃទី៤ ខែឧសភា ដោយបានត្អូញត្អែរ និងក៏រិះគន់ថា
“ខ្ញុំកំពុងវិជ្ជមាន Covid-19 ខ្ញុំត្រូវបានគេទទួលស្គាល់ចាប់តាំងពី ៤ ថ្ងៃមកហើយ ប៉ុន្តែមិនមានការធូរស្បើយឡើយ។ តើមានមន្ទីរពេទ្យបែបនេះទេ? តើខ្ញុំអាចទទួលបានគ្រែអុកស៊ីសែននៅទីណា? ព្រោះកម្រិតអុកស៊ីសែនរបស់ខ្ញុំ នឹងធ្លាក់ចុះនៅទីនេះ។ គ្មាននរណាម្នាក់មើលឃើញ ដេលី ទេ ខ្ញុំកំពុងផុសនេះ ព្រោះខ្ញុំអស់សង្ឃឹមខ្លាំងណាស់ ដោយសារភាពអយុត្តិធម៌មិនអាចដោះស្រាយអ្វីបានទេ”។
លោក Vohra ត្រូវបានគេអនុញ្ញាតឱ្យចូលសម្រាកនៅមន្ទីរពេទ្យ Rajeev Gandhi Supertyty Hospital នៅ Tahirpur ហើយត្រូវបានគេប្តូរទៅមន្ទីរពេទ្យ Ayushman ក្នុង Dwarka កាលពីល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុននេះ។

កាលពីថ្ងៃសៅរ៍ តារាសម្តែងរូបនេះ បានបង្ហោះសារមួយទៀតនៅលើហ្វេសប៊ុក ដោយសរសេរថា “ប្រសិនបើខ្ញុំបានទទួលការព្យាបាលល្អ ខ្ញុំនឹងត្រូវបានសង្គ្រោះ ខ្ញុំនឹងត្រូវបានកើតជាថ្មី ហើយធ្វើកិច្ចការល្អ។ ឥឡូវនេះ ខ្ញុំបាត់បង់ភាពក្លាហានទាំងអស់ហើយ”។ តែយ៉ាងណា ក្រោយបង្ហោះសារនេះរួច គាត់ក៏បានស្លាប់នៅថ្ងៃបន្ទាប់។
នៅក្នុងវីដេអូចុងក្រោយ លោក Vohra ដែលស្ថិតក្នុងស្ថានភាពធ្ងន់ ជាមួយរបាំងអុកហ្ស៊ីហ្សែន ដោយបានខំនិយាយទាំងពិបាកក្នុងខ្លួនខ្លាំងថា៖ «វាពិតជាមានតម្លៃណាស់ឥឡូវនេះ! បើគ្មានវាទេ អ្នកជំងឺនឹងងងិតមុខ និងឈឺចាប់ខ្លាំង។ អ្នករាល់គ្នា ខំស្រែករកអ្នកបម្រើ ប៉ុន្តែគេមិនមកទេ»។ យោងតាមការបកប្រែរបស់ទូរទស្សន៍ CNN លោក Vohra បាននិយាយឲ្យដឹងទៀតថា ពួកគេមកក្នុងរយៈពេលមួយម៉ោង ឬច្រើនជាងនេះ ហេតុនេះអ្នកត្រូវគ្រប់គ្រងអវត្តមាន របស់ពួកគេដោយរបៀបណា?។

គួរបញ្ជាក់ថា រលកទី២ នៃ COVID-១៩ បានបោកបក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌា ដោយចំនួនអ្នកស្លាប់បានកើនដល់ ២០០,០០០ នាក់។ ក្នុងនោះ មានតារាល្បីៗជាច្រើន រួមទាំង Aamir Khan, Akshay Kumar, Alia Bhatt និងអ្នកផ្សេងទៀតបានធ្វើតេស្តវិជ្ជមាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ទន្ទឹមនឹងនេះផងដែរ ការអំពាវនាវក៏កំពុង ត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គម ពីមនុស្សដែលកំពុងស្វែងរកអុកស៊ីសែន គ្រែមន្ទីរពេទ្យ និងថ្នាំដែលកំពុងលខ្វះខាតនៅក្នុងប្រទេសឥណ្ឌា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

