Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរដ្ឋបាលព្រៃឈើ និយាយថា បង្ក្រាបបានឈើតិចតួច ពុំឃើញគំនរឈើជាង១០កន្លែង ដូចសេចក្តីរាយការណ៍ទេ

ស្ទឹងត្រែង ៖ ឈ្មួញរកស៊ីឈើបានប្រើកម្មករអ្នកភូមិជម្លៀសឈើទាំងយប់ លាក់ទុកនៅកន្លែងផ្សេងបំបាត់ភស្តុតាងមុនពេលដឹងថាសមត្ថកិច្ចចុះទៅបង្ក្រាប។

ករណីខាងលើនេះបានកើតឡើងនៅត្រើយខាងកើតទន្លេសេកុង ស្ថិតក្នុងភូមិស្ដៅឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១០ខែឧសភាឆ្នាំ ២០២១។

ប្រភពរាយការណ៍បានប្រាប់ឲ្យដឹងថានៅមុនថ្ងៃទី១០ខែឧសភា ឈើប្រមាណជាង១០កន្លែងសុទ្ធតែជាឈើប្រណិត និងឈើលេខ ១ គរទុកតាមផ្ទះសំរាប់ដឹកជញ្ជូនមកកាន់ក្រុងស្ទឹងត្រែង ដើម្បីចែកចាយបន្តនៅតាមសិប្បកម្មធំៗ។ ឈើដែលដឹកចេញពីឃុំស្តៅស្រុកសេសាននោះ មកក្រុងស្ទឹងត្រែងគឺសម្រាប់កែច្នៃទៅជាគ្រឿងសង្ហារឹមពាក់កណ្ដាលសម្រេច។

សកម្មភាពដឹកជញ្ជូនឈើពីឃុំស្ដៅមកក្រុងស្ទឹងត្រែង គេប្រើមធ្យោបាយដឹកតាមម៉ូតូដោយឆ្លងតាមទូកដនិងទូកតូចៗ នៅពេលយប់ដាក់តាមសិប្បកម្មធំៗក្នុងក្រុងស្ទឹងត្រែង។
ដោយមើលឃើញពីសកម្មភាពគំនរឈើបែបអណាធិបតេយ្យគ្មានច្បាប់អនុញ្ញាត ពីជំនាញរដ្ឋបាលព្រៃឈើទើបកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅដល់ទីតាំងនៅឃុំស្តៅនិងស្រាវជ្រាវរកឃើញថាពិតជាមានឈើគរទុកក៏ទៅតាមផ្ទះប្រជាពលរដ្ឋជាង១០កន្លែងពិតប្រាកដមែន។

ចំណែកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានហាក់បីដូចជាមិនអើពឺចំពោះរឿងនេះឡើយ។ បែរជាស្លៀកពាក់សុីវិលដើរយកទូរស័ព្ទថតសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសទៅវិញ។ ទំនងជាបានសើមមាត់សើមករផលប្រយោជន៍ជាមួយឈ្មួញឈើ នៅទីនោះក៏មិនដឹងទើបមិនរាយការណ៍ទៅថ្នាក់លើដើម្បីចុះបង្រ្កាប។
ប្រភពដដែលបានឲ្យដឹងទៀតថាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះ ទៅដល់កន្លែងឈើនៅឃុំស្ដៅស្រុកសេសានថ្ងៃទី ៩ខែឧសភា។រំលងបានមួយយប់ដល់ព្រឹកថ្ងៃទី១០ខែឧសភា ទើបកម្លាំងកងរាជនអាវុធ ហត្ថស្រុកសេសានខេត្តស្ទឹងត្រែងនិងរដ្ឋបាលព្រៃឈើ ចុះទៅបង្រ្កាបតាមសេចក្តីរាយការណ៍អំពីករណីមានស្តុកឈើទុកនៅឃុំស្ដៅ។


អ្នកភូមិបានប្រាប់ឲ្យដឹងថាកំឡុងពេលសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅរាប់ឈើមិនមានអ្នកយាមការពារភស្តុតាង និងមិនបង្ក្រាបភ្លាមៗទេគឺទុកមួយយប់ដល់ព្រឹកឡើង ទើបកម្លាំងខេត្តចុះបង្ក្រាបជាឱកាសល្អសម្រាប់ក្រុមឈ្មួញជម្លៀសចេញទៅទុកនៅកន្លែងផ្សេងបាត់អស់។
មន្ត្រីរដ្ឋបាលព្រៃឈើកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានហាក់បីដូចជាមិនចង់បង្ក្រាបបទល្មើសនោះឡើយ ឬមួយធ្វើទៅទើសទាល់ប៉ះចំឆ្នាំងបាយគឺទាល់តែថ្នាក់ជាតិចុះមករាប់ឈើខ្លួនឯងទើបបង្រ្កាប។


ក្រោយពីបាត់ភស្តុតាងគំនរឈើជាង១០កន្លែង សមត្ថកិច្ចថ្នាក់ជាតិនិងមូលដ្ឋានហាក់បីដូចជា រុញដាក់គ្នាទាញរកហេតុផលរៀងខ្លួន។
មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ចូលរួមចុះបង្ក្រាបឈើនៅឃុំស្ដៅ បានប្រាប់ឲ្យដឹងថាពិតជាបង្ក្រាបបានឈើតិចតួច នឹងរកពុំឃើញគំនរឈើជាង១០កន្លែងដូចសេចក្តីរាយការណ៍មែន៕ រក្សាសិទ្ធិដោយ:សំណាង

×