ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានប្រគល់ ថ្នាំវីតាមីនសេ (C) ជាង២០០០ទីប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីយកទៅជួយលើការងារព្យាបាលជំងឺកូវីដ-១៩ ខណៈដែរ មានប្រជាពលរដ្ឋជាង១ម៉ឺននាក់ហើយ បានឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ ។

ពិធីប្រគល់និងទទួលថ្នាំពេទ្យនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោកស្រីមុំ ចាន់ដានីប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ។
លោកឃួង ស្រេងនៅក្នុងឱកាសនោះបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
យកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ និងឱ្យថ្នាំព្យាបាលទៅតាម វេជ្ជបញ្ជារបស់សុខាភិបាលឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះទៀតលោកឃួង ស្រេង ក៏បានធ្វើការណែនាំឲ្យ ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ បងប្អូនជនពិការភាព ដែលរស់នៅក្រោមការ គ្រប់គ្រងរបស់មន្ទីរសង្គមកិច្ច ឱ្យបានល្អជាមួយនិងការផ្តល់ស្បៀងអាហារជូនពួកគាត់ផងដែរ
។

លោក ងី មានហេង បានបញ្ជាក់ផងដែរថា ថ្នាំប្រភេទវីតាមីនC ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនមន្ទីរសុខាភិបាលនៅពេលនេះ ពិតជាថ្នាំដែលមានសារសំខាន់ ដោយជួយធ្វើឱ្យអ្នកជម្ងឺកូវីដ-១៩ មានកម្លាំងកំហែងនិងបានឆាប់ជាសះស្បើយ ជាមួយនឹងការបំប៉ននូវចំណីអាហារ ដែលមានដូចជាស្វាយខ្ចី និងក្រូចឆ្មារជាដើម ដែលជួយឲ្យអ្នកជំងឺអាចបានឆាប់ជាសះស្បើយពីជម្ងឺកូវីដ-១៩បានរហ័ស។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគល់ជូន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមមាន ថ្នាំវីតាមីន C ចំនួន ១.៩០០ទីប ។ ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ថ្នាំវីតាមីន C ចំនួន ៥០០ទីប មី ចំនួន ១០កេសធំ និងផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


