ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន ៣ នាក់ បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ ដែលហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០ នាទី ថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២១នេះ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៣/១៣៤ ស្ថិតក្នុងភូមិ ព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានបណ្ដាលឱ្យ
ស្ត្រីម្នាក់បានដាច់ជើងស្តាំ ទើរនៅលើម៉ូតូមើលទៅគួរឲ្យរន្ធត់ និងមនុស្សប្រុសស្រី២នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាល ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារការបើករបរមិនប្រកាន់ស្តាំ។
ប្រភពដដែលបានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២០ ពណ៌ ខ្មៅ ផ្លាកលេខ ស្វាយរៀង 1Q 3600 បើកបរដោយឈ្មោះ រឿន ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បាន រងរបួសធ្ងន់ ហើយសន្លប់នៅនឹងកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) លុះមកដល់កន្លែងកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគឿងទៀត ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HC 7762 ចំពីចំហៀងខាងស្តាំ ក្នុងទិសបញ្ច្រាសទិសគ្នា ពីកើតទៅលិច បើកបរឈ្មោះ សោម សាម៉ុន ភេទស្រី អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់ (ដាច់ជើងខាងស្តាំ) មិនពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរម្នាក់ឈ្មោះ ឌុល យ៉ាទី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិ ទួលទ្រា ឃុំ ជ្រុងពពេល ស្រុករំដួល ខេត្តស្វាយទាប រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) ។
ករណីនេះ អ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯមធ្យោបាយទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
ហើយមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមកពី អ្នកបើកបរម៉ូតូHONDA DREAM ស៊េរីឆ្នាំ២០២០ បើកមិនប្រកាន់ស្តាំ៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ

