ភ្នំពេញ ៖ មេរោគបម្លែងថ្មីដែលកំពុង និងកាចសាហាវ ដែលបានសម្លាប់មនុស្សអស់ជាច្រើននៅ ប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាហើយ គឺលើអ្នកដំណើរដែលចូលមកក្នុងប្រទេសកម្ពុជា។

ទាក់ទងករណីនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍បញ្ជាក់ប្រាប់សារព័ត៌មាន CEN នៅល្ងាចថ្ងៃទី១១ ខែឧសភា នេះថា មេរោគបម្លែងថ្មីដែលកើតមាននៅប្រទេសឥណ្ឌា បានរកឃើញនៅក្នុងប្រទេសកម្ពុជាហើយ។
ដោយលោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា “មេរោគបម្លែងថ្មី ដែលកើតមាននៅប្រទេសឥណ្ឌា បានរកឃើញលើអ្នកដំណើរ ដែលចូលមកប្រទេសកម្ពុជា យើងរកឃើញ ប៉ុន្តែយើងព្យាបាលគាត់ បានជាសះស្បើយហើយ។ ករណីមេរោគបម្លែងថ្មី គឺបានរកឃើញមួយករណី លើអ្នកដំណើរដែលចូលកម្ពុជា”។

គួរបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ១៩ បម្លែងថ្មីនិងមានភាពចកាចសាហាវ ដែលកំពុងតែកើតមាននៅប្រទេសឥណ្ឌា គឺមានករណីឆ្លង ២២,៦៦ លាននាក់ និងស្លាប់ ២៤៦.១១៦នាក់។
អង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវបាននិយាយថា ការរីករាលដាលវីរុសបម្លែងខ្លួនប្រភេទ B.1.517 នៅក្នុងប្រទេសឥណ្ឌាហាក់ដូចជាឆ្លងកាន់តែខ្លាំងនិងអាចមានភាពធន់នឹងខែលការពាររបស់វ៉ាក់សាំង។
លោកស្រី ម៉ារៀ វ៉ាន់ កឺកូវ ជាអ្នកដឹកនាំខាងប្រយុទ្ធប្រឆាំងកូវីដ១៩ របស់អង្គការសុខភាពពិភពលោក បាននិយាយថា “ហេតុដូច្នេះហើយទើបយើងចាត់ចំណាត់ថ្នាក់វាជាវីរុសបម្លែងខ្លួនគួរឱ្យព្រួយបារម្ភនៅកម្រិតសកលលោក”។
វីរុសកូរ៉ូណានៅតែបន្តរីករាលដាលនៅក្នុងប្រទេសជាច្រើនហើយជំងឺរាតត្បាតនេះបានសម្លាប់មនុស្សជិត ៣,៣ លាននាក់នៅទូទាំងពិភពលោកចាប់តាំងពីចុងឆ្នាំ ២០១៩ដោយបង្អាក់ជីវិតរស់នៅធម្មតានិងបង្កភាពវឹកវរដល់សេដ្ឋកិច្ចពិភពលោក៕ រក្សាសិទ្ធិដោយ៖ចេស្តារ


