Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ឧបត្ថម្ភដល់គ្រួសារមានសមាជិកស្លាប់ដោយជំងឺកូវីដ ឧបត្ថម្ភថ្លៃស្បៀងអាហារ ទឹកស្អាត និងថ្លៃអគ្គិសនី ជូនក្រុមគ្រួសារដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ការឧត្ថម្ភជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០.០០០រៀល និងបូកបន្ថែម នូវការឧបត្ថម្ភជាសាច់បា្រក់សម្រាប់ជួយបង់ថ្លៃអគ្គិសនី ទឹកស្អាតសម្រាប់រយៈពេល៥ខែ ឧបត្ថម្ភថ្លៃស្បៀងអាហារ ទឹកស្អាត និងថ្លៃអគ្គិសនី ជូនក្រុមគ្រួសារដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានជីវភាពខ្វះខាត ចាប់ពីជិត១៦ម៉ឺនរៀល ដល់ជាង៣០ម៉ឺនរៀល ក្នុងនោះកម្មករកម្មការិនីម្នាក់ ក៏ទទួលបានការឧបត្ថម្ភរួម១៦ម៉ឺនរៀល។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចផ្តល់ជូននូវការឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងគ្រួសារដែលមានឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព នៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ឆ្នាំ២០២១ នៅទូទាំងប្រទេសដូចខាងក្រោម៖

១)សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩៖

  • ផ្តល់ជូនការឧបត្ថម្ភជាសាច់បា្រក់ចំនួន ៣០០,០០០រៀល និងបូកបន្ថែមនូវការឧបត្ថម្ភ ជាសាច់បា្រក់ សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាត សម្រាប់រយៈពេល៥ខែ ស្របតាមមូលដ្ឋានគណនាដែលត្រូវបានកំណត់សម្រាប់ «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ។ ការឧបត្ថម្ភនេះ ផ្តល់ជូនបន្ថែមពីលើជំនួយសង្គមជាធរមាន ទាំងឡាយដែលគ្រួសារប្រជាពលរដ្ឋគោលដៅទទួលបាន និងត្រូវបានបើកផ្តល់ជូនជាសាច់ប្រាក់សរុប តែមួយលើក តាមរយៈធនាគារវីង ។

២) សម្រាប់គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព៖

  • គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ស្ថិតនៅក្នុងភូមិសាស្ត្រក្រៅពីរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ នឹងទទួលបានកញ្ចប់សាច់ប្រាក់ឧបត្ថម្ភសរុប តាមទំហំគ្រួសារ ដូចគ្នានឹងការឧបត្ថម្ភជាសាច់ប្រាក់ ជូនដល់គ្រួសារប្រជាពលរដ្ឋគោលដៅ ដែលស្ថិតនៅក្រោមកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដែរ ។

៣) កម្មករ-និយោជិតឆ្លងជំងឺកូវីដ-១៩ ដែលបម្រើការនៅតាមរោងចក្រ-សហគ្រាសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប និងដែលស្ថិតនៅក្នុងភូមិសាស្ត្រ ក្រៅពីរាជធានីភ្នំពេញ, ក្រុងតា-ខ្មៅ និងក្រុងព្រះសីហនុ នឹងទទួលបានកញ្ចប់សាច់ប្រាក់ឧបត្ថម្ភសរុប ចំនួន១៦ម៉ឺនរៀល/ម្នាក់ ដែលនឹងត្រូវបើកផ្តល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

៤) គ្រួសារប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ប្រភេទ «ក្រ-១» និង «ក្រ-២» ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងដែលកំពុងបន្តទទួលបាននូវជំនួយឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់ទ្រទ្រង់ជីវភាពពីរដ្ឋជារៀងរាល់ខែ នឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភថែមទៀតទេ ។

៥) គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក៏ដូចជាកម្មករ-និយោជិតឆ្លងជំងឺកូវីដ-១៩ ដែលបម្រើការនៅតាមរោងចក្រ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប នៅក្នុងរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ នឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភថែមទៀតទេ ព្រោះរដ្ឋបានផ្តល់ជំនួយឧបត្ថម្ភជាសាច់ប្រាក់ក្រោមកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ជូនរួចហើយ។

យន្តការ, នីតិវិធី និង កាលបរិច្ឆេទនៃការបើកផ្តល់អន្តរាគមន៍ជំនួយសង្គមខាងលើនេះ នឹងត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់ក្រុមបឹ្រក្សាជាតិគាំពារសង្គម។

បើតាមសេចក្តីប្រកាសព័ត៌មាន គ្រួសារប្រជាពលរដ្ឋគោលដៅ នៅរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលទទួលបានការឧបត្ថម្ភនេះ រួមបញ្ចូលនូវ៖ គ្រួសារអ្នកបើកបរ, កម្មករសំណង់, អ្នកលក់ដូរតាមផ្លូវ, បុគ្គលិកលក់ដូរតាមផ្សារ, អ្នករើសសំរាម និងអ្នកធ្វើការផ្នែកសេវាកម្សាន្តជាដើម ដែលនឹងទទួលបានការវាយតម្លៃ ដោយអាជ្ញាធរមូលដ្ឋាន ដោយមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការចាត់ចែង និងសម្របសម្រួលដោយក្រសួងផែនការ តាមរយៈការធ្វើកិច្ចសម្ភាស តាមទូរស័ព្ទ សម្រាប់តំបន់ដែលមិនទាន់មានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ឬតាមរយៈការធ្វើកិច្ចសម្ភាសន៍ផ្ទាល់មុខ សម្រាប់តំបន់ដែលមានសុវត្ថិភាព ពីការឆ្លងជំងឺកូវីដ-១៩ ។

រាជរដ្ឋាភិបាលបានកំណត់ថា គ្រួសារប្រជាពលរដ្ឋគោលដៅនៅរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលត្រូវបានកំណត់អត្តសញ្ញាណ នឹងទទួលបានរបបឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់ជួយសម្រាលបន្ទុកថ្លៃស្បៀងអាហារ និងសម្រាប់ជួយបង់ថ្លៃទឹកស្អាត និងអគ្គិសនី ក្នុងកម្រិតអប្បបរមា សរុបមួយលើកគត់ តាមរយៈធនាគារវីង (Wing) ទៅតាមទំហំគ្រួសារ។

ក្នុងនោះសមាជិកគ្រួសារម្នាក់ បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកស្អាត២ខែ និងថ្លៃអគ្គិសនី២ខែ ទទួលបានប្រាក់សរុបចំនួន១៥៦,០០០រៀល។ សមាជិកគ្រួសារ ២-៣នាក់ បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកស្អាត២ខែ និងថ្លៃអគ្គិសនី២ខែ ទទួលបានប្រាក់សរុបចំនួន២៤៣,៧០០រៀល។ សមាជិកគ្រួសារ៤នាក់ឡើង បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកស្អាត២ខែ និងថ្លៃអគ្គិសនី២ខែ ទទួលបានប្រាក់សរុបចំនួន៣១១,០០០រៀល។

សម្រាប់កម្មករ-និយោជិត បម្រើការនៅតាមរោងចក្រ-សហគ្រាស នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់, ស្បែកជើង និងកាបូប នៅក្នុងតំបន់បិទខ្ទប់ ដូចបានកំណត់ខាងលើ នឹងទទួលបានការឧបត្ថម្ភមួយលើកគត់ ចំនួន១៦ម៉ឺនរៀល/ម្នាក់ ដែលនឹងត្រូវបានផ្តល់ជូន តាមរយៈយន្តការមានស្រាប់ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងអនុវត្តផ្តល់ជំនួយគាំទ្រសម្រាប់ករណីព្យួរការងារបណ្តោះអាសន្ន។

ដោយឡែក សម្រាប់គ្រួសារប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ប្រភេទ «ក្រ-១» និង «ក្រ-២» នៅក្នុងតំបន់បិទខ្ទប់ដូចបានកំណត់ខាងលើ និងដែលកំពុងបន្តទទួលបាននូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់ទ្រទ្រង់ជីវភាពពីរដ្ឋជារៀងរាល់ខែ គឺនឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភបន្ថែមទៀតទេ។

សូមជម្រាបថា នេះគឺជាការឧបត្ថម្ភជាសាច់ប្រាក់បន្ថែមរបស់រាជរដ្ឋាភិបាល ខណៈស្បៀងអាហារ រួមមាន អង្ករ, មី, ត្រីខកំប៉ុង, ទឹកត្រី និង/ឬ ទឹកស៊ីអ៊ីវ នៅតែបន្ដឧបត្ថម្ភជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ, ប្រជាពលរដ្ឋក្រីក្រ, កម្មករ-និយោជិត និងគ្រួសារប្រជាពលរដ្ឋផ្សេងទៀត ដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាក ហើយកំពុងរស់នៅក្នុងតំបន់ភូមិសាស្រ្តបិទខ្ទប់ដដែល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×