កំណើនប្រជាជនចិនក្នុងមួយទសវត្សរ៍ដល់ឆ្នាំ ២០២០នេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីគោលនយោបាយមួយគ្រួសារ មានតែកូនមួយត្រូវបានណែនាំនៅចុងទសវត្សឆ្នាំ ១៩៧០។ គោលនយោបាយនេះ បានដាក់សម្ពាធបន្ថែមទៀតទៅលើទីក្រុងប៉េកាំង ក្នុងការជំរុញការលើកទឹកចិត្តដល់គូស្វាមីភរិយាឱ្យមានកូនច្រើន និងបញ្ចៀសការធ្លាក់ចុះសេដ្ឋកិច្ចដែលមិនអាចត្រឡប់វិញបាន។
បើយោងតាមលទ្ធផលនៃការធ្វើជំរឿនផ្លូវការឆ្នាំ ២០២០ របស់ប្រទេសចិនបានឱ្យដឹងថា ប្រជាជនចិនដីគោកបានកើនឡើង ៥,៣៨ ភាគរយ ស្មើ ១,៤១ ពាន់លាននាក់នេះ ដែលលទ្ធផលនេះ បានចេញផ្សាយកាលពីថ្ងៃអង្គារ ១១ ឧសភា ហើយចំនួននេះគឺត្រូវបានបើប្រៀបធៀបជាមួយនឹងកំណើន ៥,៨៤ ភាគរយឬស្មើ ១,៣៤ ពាន់លាននាក់នៅក្នុងជំរឿនឆ្នាំ ២០១០ ។
ចំនួននេះ គឺមានន័យថា ប្រទេសចិនបានខកខានយ៉ាងខ្លាំងនូវគោលដៅដែលខ្លួនបានកំណត់ក្នុងឆ្នាំ ២០១៦កន្លងទៅ ដើម្បីជំរុញចំនួនប្រជាជនរបស់ខ្លួនដល់ប្រមាណ ១,៤២ ពាន់លាននាក់នៅឆ្នាំ ២០២០ ។
លោក Ning Jizhe មន្រ្តីមកពីការិយាល័យស្ថិតិជាតិបាននិយាយថា“ ទិន្នន័យបានបង្ហាញថា ប្រជាជនចិននៅតែរក្សាបាននូវសន្ទុះកំណើនស្រាលមួយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ” ។
យ៉ាងណាមិញ ទីក្រុងប៉េកាំងបានផ្លាស់ប្តូរច្បាប់ផែនការគ្រួសារនៅឆ្នាំ ២០១៦ ដើម្បីអនុញ្ញាតឱ្យគ្រួសារមួយ មានកូនពីរនាក់ ខណៈដែលការភ័យខ្លាចបានកើនឡើង ចំពោះចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័សរបស់ចិន និងកម្លាំងពលកម្មធ្លាក់ចុះ។ ប៉ុន្តែកំណើតនេះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងដោយថា ការផ្លាស់ប្តូរគោលនយោបាយនេះមិនទាន់អាចបង្កើត ការរីកលូតលាស់របស់ទារកដែលរំពឹងទុកដើម្បីជួយប៉ះប៉ូវប្រជាជនវ័យចំណាស់របស់ប្រទេសនេះបានទេ។
ប្រទេសចិនបានកត់ត្រាអត្រាកំណើតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៤៩ សម្រាប់ឆ្នាំ ២០១៩ គឺ ១០,៤៨ ភាគរយ ក្នុង ១០០០ នាក់។ហើយទិន្នន័យបឋមដែលត្រូវបានចេញផ្សាយក្នុងខែកុម្ភៈបានបង្ហាញថា អត្រាកំណើតក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២០ បើទោះបីជាចំនួនកំណើតពិតមិនទាន់ត្រូវបានប្រកាសក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនកាន់តែអាប់អួរចំពោះទស្សនវិស័យដោយនិយាយថា ចំនួនប្រជាជនអាចនឹងចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ប៉ុន្តែនៅចុងខែមេសាកាសែត Financial Times បាននិយាយថា ចំនួនប្រជាជនពិតជាធ្លាក់ចុះនៅឆ្នាំ ២០២០ ពីមួយឆ្នាំទៅ។ សូមជម្រាបថា អង្គការសហប្រជាជាតិធ្វើការព្យាករណ៍ថា ចំនួនប្រជាជនដែលរស់នៅក្នុងប្រទេសចិនដីគោកនឹងកើនឡើងខ្ពស់នៅឆ្នាំ ២០៣០ មុនពេលចំនួននេះនឹងត្រូវធ្លាក់ចុះ៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

