ភ្នំពេញ ៖ ស្រ្តីអ្នកលក់ឡេអនឡាញសាច់សទ្រលក់ទ្រលន់ ដែលជាតំណាងចែកចាយផលិតផលថែរក្សាសម្រស់ល្បីឈ្មោះម្នាក់ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងក៏ដូចសម្តែងនូវក្តីអាណិតអាសូរជាខ្លាំង ខណៈបានដឹងថា អ្នកលក់ឡេរូបនេះត្រូវក្រុមចោឆក់ឱកាសចូលគាស់ផ្ទះប្រមូលយកទ្រព្យសម្បត្តិក្នុងទូដែកគ្មានសល់ ដោយសារពុំបាននៅផ្ទះ ព្រោះថាមួយគ្រួសារកំពុងត្រូវជាប់ធ្វើចត្តាឡីស័ក។

តាមរយៈការ Live វីដេអូ ស្រ្តីរងគ្រោះខាងលើ បានស្រែកទ្រហ៊ោយំខ្លាំងៗ ដង្ហោយសូមបងប្អូនមហាជននៅក្នុងបណ្តាញសង្គម ជួយដល់រូបគាត់ផង ព្រោះថា នៅពេលបងប្រុសរបស់គាត់ ទៅដាក់ពាក្យបណ្តឹងនៅខណ្ឌ ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែ ខាងអាជ្ញាធរអត់ហ៊ានចូល ព្រោះខ្លាចជំងឺឆ្លងកូវីដ ហេតុនេះ គាត់មានតែពឹងពាក់បងប្អូនក្នុងបណ្តាញសង្គមប៉ុណ្ណោះ ជួយស៊ែរដំណឹងនេះផង។

ស្រ្តីរូបនេះ បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ន គាត់ស្នាក់នៅសង្កាត់បឹងសាឡាង (តំបន់ក្រហម)។ ប៉ុន្តែ ស្របពេលដែលគ្រួសាររបស់គាត់មានសមាជិកទាំងអស់ចំនួន ៧ នាក់ សុទ្ធតែមានជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅខាងចាក់អង្រែម៉ូឌេន២ ជាហេតុធ្វើឲ្យក្រុមឆ្លៀតឱកាសល្អ គាស់ផ្ទះចូលប្រមូលទ្រព្យសម្បត្តិអស់រលីងតែម្តង។
ចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ ពុំទាន់អាចកំណត់បាននៅឡើយទេ ប៉ុន្តែ ស្រ្តីខាងលើបានបញ្ជាក់ប្រាប់ថា ក្នុងនោះ មានលុយសុទ្ធប្រហែល ១០ ម៉ឺនដុល្លារ, គ្រឿងអលង្ការពេជ្រមួយចំនួន, លុយសន្សំក្នុងកូនជ្រូក ប្រហែល ២ ម៉ឺនដុល្លារ និងឯកសារប្លង់ផ្ទះ ប្លង់ដីដទៃទៀតផងដែរ។

គួរបញ្ជាក់ថា នេះអាចជាករណីចោរឆ្លៀតឱកាស ចូលគាស់ផ្ទះលក់ឡេអនឡាញល្បីៗឈ្មោះលើកទី២ហើយ ដែលលើកទី១ កាលពីប៉ុន្មានមុននេះ បានកើតឡើងមកលើផ្ទះវីឡាអ្នកលក់ឡេសាច់សខ្ចី មេម៉ាយចាយសម្រស់ Love Riya ប៉ុន្តែ សំណាងល្អ ដែលពុំបានបាត់បង់ទ្រព្យសម្បត្តិធំដុំនោះទេ។ តាមរយៈនេះផងដែរ គេក៏បានលើកឡើងថា សូមអ្នកលក់ផលិតផលអនឡាញដែលកំពុងជោគជ័យ និងសម្ញែងភាពមានបានទាំងឡាយ គួរប្រុងប្រយ័ត្នផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









