Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមន្ទីរ ៖ ដោយសារមានការគ្រប់គ្រងបានល្អ ទើបធ្វើឱ្យស្ថានភាពជំងឺកូវីដ១៩ ក្នុងខេត្តស្វាយរៀង បានធូរស្រាល

ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០២១នេះបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង ឲ្យដឹងថា ដោយសារមានការគ្រប់គ្រងបានល្អ ក្នុងការបង្ការទប់ស្កាត់ នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលដឹកនាំដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ខេត្ត ទើបធ្វើឱ្យស្ថានភាពជំងឺក្នុងខេត្ត បានធូរស្រាលក្នុងរយៈពេលដ៏ខ្លី។

លោកបានបន្តថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកជំងឺឆ្លងកូវីដ១៩ នៅខេត្តស្វាយរៀង សរុប៣៦៩នាក់ និងអ្នកជាសះស្បើយចំនួន៣០២នាក់ អ្នកកំពុងព្យាបាលមានចំនួន៦១នាក់ ព្រមទាំងមានករណីស្លាប់ចំនួន ៥នាក់ផងដែរ។

លោកបានបន្ថែមថា សព្វថ្ងៃនៅខេត្តស្វាយរៀង មានមន្ទីរពេទ្យព្យាបាលជំងឺកូវីដចំនួន៣ទីតាំង រួមមាន៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ ស្រុកស្វាយជ្រំ និងមន្ទីរពេទ្យ បង្អែកសាមគ្គីរំដួល ស្ថិតនៅក្នុងស្រុករំដួល និងអគារមួយកន្លែងទៀតនៅក្រុងបាវិត។

ចំពោះរថយន្ត ដឹកអ្នកជំងឺ និងសម្ភារបរិក្ខារពេទ្យ និងសម្លៀកបំពាក់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ក្រសួងសុខាភិបាល បានឧបត្ថម្ភជាបន្តបន្ទាប់ ធ្វើឲ្យខេត្តស្វាយរៀង រហូតមកដល់ពេលនេះ មានការគ្រប់គ្រងបានល្អ ចំពោះស្ថានភាពជំងឺកូវីដ១៩ និងឈានទៅរកការកាត់ផ្ដាច់ឫសគល់ នៃការចម្លងជំងឺនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកបានបន្ថែមថា អាជ្ញាធរខេត្ត បានសម្រេចរក្សាទុកទីតាំងដើមទី ចូលខេត្តសម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន២ទីតាំង រួមមាន៖

១៖ នៅស្រុកស្វាយជ្រំ តាមបណ្ដោយផ្លូវជាតិលេខ១

២៖ ស្រុករមាសហែក នៅជាប់ផ្លូវជាតិលេខ១៣ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីធ្វើតេស្តចំពោះប្រជាពលរដ្ឋ ដែលមានការសង្ស័យ ឬស្ថិតនៅក្នុងរោគសញ្ញាសង្ស័យថា មានជំងឺកូវីដ១៩។

លោកសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានដឹងខ្លួនថា ធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺកូវីដ១៩ ឬទើបត្រឡប់មកពីតំបន់ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ មេត្តាស្ម័គ្រចិត្ត ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការព្យាបាល ឲ្យបានទាន់ពេលវេលា ក្នុងករណីជំងឺកូវីដ-១៩ និងការពារថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារផង។

ព្រមជាមួយគ្នានេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការការពារ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត កែរ រដ្ឋា ក៏បានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ

×