ប្រធានាធិបតីចិន ស៊ី ជីងពីង បានសម្តែងក្តីសង្ឃឹមថា កិច្ចចរចាវាងមេដឹកនាំកូរ៉េខាងជើងជាមួយនឹងប្រធានាធិបតីអាមេរិច និងកូរ៉េខាងត្បូង នឹងដំណើរការទៅរលូន និងមានការរីកចម្រើន ដើម្បីឆ្ពោះទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន Channel News Asia។
លោក ស៊ី ជីងពីង បានថ្លែងបែបនេះក្នុងកំឡុងកិច្ចប្រជុំជាមួយនឹងទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងឈ្មោះ Chung Eui-yong ដែលបានធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង ដើម្បីប្រាប់មេដឹកនាំ ចិន ពីលទ្ធផលនៃកិច្ចប្រជុំរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។
គីម ជុងអ៊ុន យល់ព្រមជួយចរចារជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន នៅតំបន់គ្មានកងទ័ពនៅចុងខែមេសា និងជួប ប្រធានាធិបតី ដូណាល់ ត្រាំ នៅចុងខែឧសភា។
លោក ស៊ី ជីងពីង ថ្លែងដូច្នេះថា “ពួកយើងរំពឹងថា កិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងខាងជើង និងកិច្ចប្រជុំរវាងកូរ៉េខាងជើង និងអាមេរិចដំណើរការទៅរលូន”។
លោក ក៏បានសំដែងទស្សនៈថា កិច្ចចរចារនឹងនាំឲ្យមានការរីកចម្រើនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងដំណើរឆ្ពោះទៅរកទំនាក់ទំនងធម្មតាវិញរវាងប្រទេសពាក់ព័ន្ធទាំងអស់៕ សុភ័ក្ត្រ