ភ្នំពេញ ៖ ពិធីការិនីទូរទស្សន៍ My TV និងជាតារាបង្ហាញម៉ូត កញ្ញា មាន ពេជ្ររីតា (ហៅយូប៊ី) បានដាក់ពាក្យបណ្តឹងប្តឹងបកលោកឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភរូបនាងនៅក្នុងរថយន្តនៅម្តុំផ្សារគីឡូម៉ែត្រលេខ ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
ការប្តឹងនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីនគរបានខណ្ឌទួលគោក បានឃាត់ខ្លួន និងបញ្ជូនកញ្ញា មាន ពេជ្ររីតា ទៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់លោកឧកញ៉ា ហេង សៀ ដោយចោទប្រកាន់ថា កញ្ញា មាន ពេជ្ររីតា លួចទូរស័ព្ទ និងចាក់លើលោកឧកញ៉ា ហេង សៀ នៅក្នុងឡានបណ្តាលឲ្យរងរបួសធ្ងន់។
កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់កញ្ញា មាន ពេជ្ររីតា ពីបទលួចមានស្ថានទម្ងន់ទោស រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។

ទាក់ទងករណីខាងលើនេះ ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជា បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវលើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈក្នុងរថយន្ត។
ចំពោះករណីនេះ កំពុងតែកក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុក និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសពិសេសមជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលថា តើលោកឧកញ៉ា ហេង សៀ ប៉ុនប៉ងរំលោភកញ្ញា មាន ពេជ្ររីតា នៅក្នុងរថយន្តមែនឬយ៉ាងណា? ហើយតើកញ្ញា មាន ពេជ្ររីតា ពិតជាលួចទូរស័ព្ទ និងចាក់លើលោកឧកញ៉ា ហេង សៀ នៅក្នុងឡានបណ្តាលឲ្យរងរបួសធ្ងន់មែនឬមិនមែន?។ រឿងរ៉ាងរបស់អ្នកទាំងពីរនេះ គឺនឹងលាតត្រដាងនៅពេលដែលសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកការពិត និងតុលាការធ្វើការសម្រេចដោយយុត្តិធម៌។

យោងតាមពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា ដាក់ទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពន្ថវៈមកលើរូបរាងកាយនាងដែលប្រព្រឹត្តនៅក្នុងរថយន្តម្តុំផ្សារគីឡូម៉ែត្រលេខ ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
នៅក្នុងពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា បានរៀបរាប់ថា “នាងខ្ញុំឈ្មោះ មាន ពេជ្រវីតា ជានិស្សិតឆ្នាំទី២ ផ្នែក ជំនួញពាណិជ្ជកម្ម ហើយសព្វថ្ងៃនាងខ្ញុំ រៀនផងធ្វើការផង និងធ្វើជាពិធីកាវិនីបម្រើការនៅស្ថានីយ៍ទូរទស្សន៍ “MyTV” ផង។ មួយរយៈកន្លងមក ដោយមិនចាំថ្ងៃពេលវេលាច្បាស់លាល់ នាងខ្ញុំបានទៅចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់ឧកញ៉ ហេង សៀ ហើយពេលនោះគាត់ក៏បានឃើញ និងស្គាល់នាងខ្ញុំ ហើយក៏បានធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Telegram មកនាងខ្ញុំ។ នៅពេលដែលគាត់ទាក់ទងមកនាងខ្ញុំ នាងខ្ញុំពុំដឹងថា គាត់ជានរណាគេទេគ្រាន់តែថាធ្លាប់ឃើញនៅពេលសម្ភោធហាងនានា រួចគាត់ក៏បានប្រាប់ថាចង់យកនាង ខ្ញុំធ្វើជាពិធីការិនីនៅពេលចប់កូវីដ ហើយចាំទាក់ទងមកទៀត។ តែអំឡុងពេលនោះ គាត់បានលួងលោម ឲ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឲ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។ នាងខ្ញុំក៏បានប្រកែកមិនប្រើ តែគាត់និយាយថាគាត់ស្គាល់អ្នកលក់លេខទូរស័ព្ទ គឺសុទ្ធតែកូនចៅគាត់ អាចរកលេខឲ្យបាន ហើយគាត់ក៏បានទិញចំនួន ៣លេខ ហើយនាងខ្ញុំក៏មិនបានគិតអ្វីអាក្រក់អំពីគាត់ ឬក៏មានការសង្ស័យច្រើនទៅលើគាត់ដែរព្រោះគាត់មានវ័យចំណាស់គួរអោយគោរព ហើយដែលអាចផ្តល់ឱកាសការងារដល់នាងខ្ញុំពិត ប្រាកដមែន ក៏នាងខ្ញុំយល់ព្រមទទួលលេខនោះពីគាត់ តែមិនបានប្រើប្រាស់ទេ។ ពេលនោះគាត់ក៏បានប្ដូ រលេខទូរសព្ទ័ថ្មី ០១២ ៧៩២០០១ មកឲ្យនាងខ្ញុំ និងបានផ្ញើរលុយចំនួន ប្រាំ(៥)ដង គឺលើកទីចំនួន 168$, លើកទី២ ចំនួន 111$, លើកទី៣ចំនួន 168$, លើកទី៤ចំនួន 350$, និងលើកទី៥ ចំនួន 50$ តាមរយៈ គណនី ABA ០០០៥៧១១២១ របស់នាងខ្ញុំ ហើយគាត់ក៏បានផ្ញើរសារថា : សំណាងណាស់បានស្គាល់នាងខ្ញុំ តែនាងខ្ញុំបានបដិសេដថាខ្ញុំមិនយកទេកុំផ្ញើរមកខ្ញុំអី ! ព្រោះខ្ញុំមានលុយចាយគ្រប់គ្រាន់ហើយ ប៉ុន្តែ ឧកញ៉ារូបនោះនៅតែផ្ញើរលុយជាបន្តបន្ទាប់ទៀត។

ក្រោយមកទៀតគាត់ក៏បានប្រើពាក្យលួងលោមចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេដ មិនព្រមជួប លុះត្រាទាក់ទងនឹងការងារទើបនាងខ្ញុំព្រមជួបគាត់ ។ គាត់ក៏នៅតែបន្តរំខានរហូតដល់មានការ ផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញដោយខ្លួនឯង ធ្វើឲ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថា គាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ។ រហូតដល់ថ្ងៃកើតហេតុ ខ្ញុំចាំមិនច្បាស់ទេ ប្រហែលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែលម៉ោង ១៤:០០ ទៅ ១៥:០០ នាទីរសៀល គាត់បានទូរសព្ទ័ មកឲ្យនាងខ្ញុំប្រាប់ថាចង់ជួបនាងខ្ញុំ ហើយចង់ឲ្យអីវ៉ាន់ មកនាងខ្ញុំមានដូចជា អង្ករ ទឹកត្រី មួយចំនួន ដើម្បី ចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវី គាត់បានឲ្យខ្ញុំចាំនៅក្បែរផ្សារគីឡូលេខ ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំឲ្យចូលក្នុងឡាន គាត់ថាឲ្យចូលឡានសិនមកដោយមានរឿង ការងារត្រូវនិយាយគ្នា ក៏ដូចជា ចែកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដ ហើយចាំបាច់ត្រូវនិយាយជាមួយនាង ខ្ញុំ ក៏នាងខ្ញុំចូលក្នុងនឹកឃើញថាពេលយកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដពីគាត់ហើយចេញទៅវិញ ពេល នៅក្នុងឡានគាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់មកលូកស្ទាបអង្អែលភ្លៅ និង ប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់។ គាត់បាននិយាយថា គាត់ខានរួមភេទយូរហើយ ព្រោះប្រពន្ធមិនឲ្យគាត់រួមភេទសោះ ចាប់តាំងពីចាក់វ៉ាសាំងការពារកូវីដមក គាត់មានអារម្មណ៍ចង់រួមភេទខ្លាំងណាស់ ហើយចង់យកនាងខ្ញុំទៅផ្ទះសំណាក់។
ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា សូមកុំធ្វើចឹងប្រយ័ត្នខ្ញុំលោតចុះពីលើឡាន សូមជូននាងខ្ញុំទៅផ្ទះវិញទៅ ហើយគាត់បានប្រាប់ថាគាត់មានកាំភ្លើង។ ពេលឮដូច្នេះនាងខ្ញុំមាន អារម្មណ៍ភិតភ័យជាខ្លាំង ស្ទើរតែបាត់បង់ស្មារតី និងស្លន់ស្លោខ្លាំងណាស់ ដោយមិនអាចចេញពីក្នុងឡាន បាននាងខ្ញុំក៏បានរត់មកខាងក្រោយកៅអីឡានផ្នែកខាងក្រោយ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់ គាត់មកចាប់សង្គ្រប់លើរូបនាងខ្ញុំ។
ពេលនោះនាងខ្ញុំមិនដឹងធ្វើយ៉ាងម៉ិចក៏ខិតខំរើបំរាស់ និងច្រានដៃគាត់ ចេញ ហើយពេលនោះដៃនាងខ្ញុំមិនមានកាន់របស់អ្វីទេ គឺដៃទទេរសុទ្ធ ហើយនាងខ្ញុំបានបើកទ្វារឡានរត់ ចេញពីគាត់ រត់ក៏ត្រលប់ទៅផ្ទះវិញទាំងការភិតភ័យបំផុត។ប្រសិននាងខ្ញុំមិនអាចបើកទ្វារឡានចេញបានទេ គាត់នឹងធ្វើការរំលោភសេពសន្ធវៈនៅក្នុងឡាន ឬដឹកនាងខ្ញុំយកទៅផ្ទះសំណាក់តែម្តង ពីព្រោះនាងខ្ញុំបាន ភ័យតត់ស្លុត ខ្លាចអាចគាត់សម្លាប់ដោយប្រើប្រាស់កាំភ្លើងមិនហ៊ានតដៃ ឬរើបម្រាស់នោះឡើយ ។ ហើយ នាងខ្ញុំមិនហ៊ានប្រាប់ម្តាយឲ្យដឹងរឿងនេះទេ ព្រោះមិនចង់ឲ្យគាត់ពិបាកចិត្ត។ ស្រាប់តែនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២១ ប៉ូលីសអធិការដ្ឋានខណ្ឌទួលគោក បានទៅជួបនាងខ្ញុំនៅផ្ទះ ហើយក៏បាននាំនាងខ្ញុំ មក ដោយមិនដឹងមូលហេតុ រហូតដល់ឃុំខ្លួននាងខ្ញុំរយៈពេល២ថ្ងៃ ទើបបញ្ចូនមកសាកសួរនៅសាលា ដំបូងរាជធានីភ្នំពេញ ហើនាងខ្ញុំត្រូវបានចោទពីបទ លួចមានស្ថានទម្ងន់ទោស ដោយនាងខ្ញុំមិនបានលូចអ្វី របស់អ្នកណាឡើយ។
អាស្រ័យដូចបានជម្រាជូនខាងលើ សូមឯកឧត្ដមព្រះរាជអាជ្ញា ក៏ដូចជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មេត្តាជួយរកយុត្តិធម៌ឲ្យរូបនាងខ្ញុំផង នាងខ្ញុំទទួលរងភាពអយុត្តិធម៌ ខ្លាំងណាស់ ការចោទថានាងខ្ញុំបានលួចទូរស័ព្ទ និងបានបង្កឲ្យមានរបួសដល់គាត់គឺមិនពិតទេ អ្វីដែលនាងខ្ញុំធ្វើ គឺនាងខ្ញុំបានរុញដៃរបស់គាត់មិនឲ្យបំពានមកលើរូបរាងកាយនាងខ្ញុំដែលជាស្រ្តីទុនខ្សោយ ដើម្បីការពារសុវត្ថិភាពនាងខ្ញុំ ព្រោះគាត់មានកាំភ្លើង ខ្ញុំគ្រាន់តែចង់រំដោះខ្លួនទៅផ្ទះតែប៉ុណ្ណោះ។ ហើយគាត់ក៏ បានបំភ្លើសការពិតទៅដល់សមត្ថកិច្ច ហើយគាត់បានធ្វើអំពើអសីលធម៌ ជាមួយនាងខ្ញុំជាច្រើនដង ដោយប្តូរនឹងប្រាក់ ហើយបានបង្កាច់បង្អួចកិត្តិយសរបស់នាងខ្ញុំនៅចំពោះមុខសមត្ថកិច្ច បន្ថែមពីលើការប៉ុនប៉ុង រំលោភមកលើនាងខ្ញុំមិនបានសម្រេចថែមទៀត។
នាងខ្ញុំសូមទាញនូវចំណាប់អារម្មណ៍ ឯកឧត្តមព្រះរាជអាជ្ញា នៅត្រង់នេះថា នាងខ្ញុំជាស្រ្តីទុន ខ្សោយ មូលហេតុអ្វីដែលនាងខ្ញុំហ៊ានលួយយកទូរស័ព្ទ និងបង្ករបួសស្នាមដល់ឧកញ៉ាម្នាក់នៅកណ្តាលទី ក្រុង នាងខ្ញុំជានិស្សិតឆ្នាំទី២ និងជាពិធីការនី និងតារាបង្ហាញម៉ូដ មានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ មាន សមត្ថភាពគ្រប់គ្រាន់ដើម្បីរកប្រាក់ មិនសមបើលួចប្លន់ទូរស័ព្ទមួយគ្រឿងតម្លៃមួយជាងពាន់ដុល្លានេះទេ។ ក្នុងនាមគាត់ជាឧកញ៉ាល្បីឈ្មោះម្នាក់ មិនគួរមានគំនិតស្មោគគ្រោកល្មោភតណ្ហា ហើយមួលបង្កាច់ ចោទប្រកាន់នាងខ្ញុំដែលជាជនរងគ្រោះទៅវិញ។ ដូចនេះ នាងខ្ញុំសូមធ្វើបណ្តឹងតប ដោយធ្វើការទាមទារដូចខាងក្រោម៖
១.ប្ដឹងឧកញ៉ា ពីបទ “ប៉ុនប៉ងរំលោភសេពសន្ថវៈ” ដោយមានស្ថានទម្ងន់
២.ទាមទារសំណង់ជម្ងឺចិត្ត ចំនួនទឹកប្រាក់ ១០,០០០០ដុល្លារ ( ដប់ម៉ឺនដុល្លារអាមេរិក)
៣.ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)។
នាងខ្ញុំសង្ឈឹមជឿជាក់ថា ឯកឧត្តមព្រះរាជអាជ្ញា ដែលធ្លាប់តែផ្តល់យុត្តធម៌ និងសច្ចៈធ៌មដល់ ប្រជាពលរដ្ឋក្នុងក្នុងរាជធានីភ្នំពេញ ប្រកបដោយសុភវិនិច្ឆ័យ ប្រកបដោយយុត្តិធម៌ សច្ចធម៌ និងគុណធម៌ នៅក្នុងរឿងនេះ ហើយនាងខ្ញុំក៏សង្ឃឹមជឿជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្រោមម្លប់ របស់ សម្តេចតេជោហ៊ុន សែន សម្តេចនឹងផ្តល់ជូនយុត្តិធម៌ និងសច្ចធម៌ មកដល់ជនរងគ្រោះ ដែល ជានារីទន់ខ្សោយ ក៏ដូចជាប្រជាពលរដ្ឋដែលជាកូនចៅរបស់សម្ដេចដែរ”។
ទាក់ទករណីនេះ លោកឧកញ៉ា ហេង សៀ មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយបានទេ ចំពោះការចោទប្រកាន់របស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ពីបទប៉ុនប៉ងរំលោភរូបនាងនៅក្នុងរថយន្ត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




