ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍បញ្ជាក់ថា ព័ត៌មានដំបូងដែលថាមានអ្នកកើតជំងឺកូវីដ១៩ហើយនៅមកចាកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះ គឺមិនពិតនោះទេ។ អ្នកនោះបានឆ្លងកូវីដ១៩ នៅក្រោយពេលចាក់វ៉ាក់សាំងរួចហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN ថា បន្ទាប់ពីសម្តេចបានបញ្ជាឲ្យខាងជំនាញសិក្សាស្រាវជ្រាវព័ត៌មានថា “មានអ្នកដែលដឹងថា មានជំងឺកូវីដ១៩ ហើយ នៅតែបណ្តោយឲ្យមកចាក់វ៉ាក់សាំង។
…សមត្ថកិច្ចដែលមានការពាក់ព័ន្ធទាំងអស់បើសិនជាបណ្តោយឲ្យមនុស្សដែលមានកូវីដ១៩ ហើយ ចូលមកចាក់វ៉ាក់ថ្នាំ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នេះមានចេតនា ឬមិនចេតនា ខ្ញុំគិតថា វាជាការចេតនាហើយ ដើម្បីចម្លងទៅអ្នកដទៃ នេះគឺខុសច្បាប់យ៉ាងធ្ងន់ធ្ងរ” គឺមិនដូចជាព័ត៌មានដែលទទួលបានកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នោះទេ។
ទាក់ទទងករណីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ចំពោះរឿងនេះ សម្តេចបានឲ្យសិក្សាស្រាវជ្រាវ គឺមិនដូចជាព័ត៌មានដែលទទួលបានដូចកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នោះទេ ពីព្រោះព្រឹកមិញទទួលព័ត៌មានគេសន្ទនាគ្នាតាមវិទ្យុទាក់ទងគឺថា មានករណីអ្នកដែលមានជំងឺកូវីដ១៩ហើយ នៅតែបន្តមកចាក់វ់ាក់សាំងទៀត ដូច្នេះគឺគេបានរៀបចំឲ្យអ្នកដែលចាក់ឲ្យមកយកសំណាកដើម្បីធ្វើតេស្តមើល ព្រោះអ្នកដែលក់តជំងឺកូវីដ១៩ មកចាក់វ៉ាក់សាំង។ បន្ទាប់ពីទទួលបានព័ត៌មាននេះ សម្តេចបានបញ្ជាឲ្យខាងជំនាញចុះទៅស្រាវជ្រាវភ្លាម និងរកឲ្យឃើញអ្នកណាដែលធ្វើរបៀបនេះ គឺមានការខុសធ្ងន់ធ្ងរណាស់ មិនអាចអត់អោនឲ្យបានទេ។ តែបន្ទាប់ពីដំណើរការស្រាវជ្រាវតាមដានរឿងនេះទៅ គឺអ្នកដែលមកចាក់វ៉ាក់សាំងនោះ មិនទាន់កើតជំងឺកូវីដ១៩ នោះទេ គឺតាំងពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ ក៏ប៉ុន្តែមកដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គាត់ក៏មានអាការៈមិនស្រួលហើយក៏បាន ទៅយកសំណាករកមេរោគកូវីដ១៩ ដល់ពេលយកសំណាកឃើញថា មានកូវីដ១៩។ ដូច្នេះករណីនេះ គឺវាផុតប៉ុន្មានថ្ងៃហើយ ដោយនៅថ្ងៃគាត់មកចាក់វ៉ាក់សាំង គឺអត់មានកូវីដ១៩ ទេ ដូច្នេះរឿងនេះវាមានការធូរស្រាលឡើងវិញតិច ដល់ពេលធ្វើការស្រាវជ្រាវទៅគឺមិនមែនចឹងទេ ហើយព័តមានដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ គឺមានការឆ្គាំឆ្គងបន្តិច៕ រក្សាសិទ្ធិដោយ៖ចេស្តារ

