Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីឆេះផ្ទះនៅខេត្តកំពង់ឆ្នាំ ក្រុមការងារចម្រុះ ECHO21 បានចាប់ខ្លួន និងចោទជនសង្ស័យដែលជាឪពុកជាប្តី ពីបទឃាតកម្ម សម្លាប់ប្រពន្ធ និងកូន៥នាក់ ហើយដុតផ្ទះចោល

កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ពីព័ត៌មានបឋម ស្ដីពីករណីភ្លើងឆេះផ្ទះ និងសម្លាប់មនុស្ស ៦ នាក់ ទាំងទារកនៅក្នុងពោះម្ដាយម្នាក់ផង ដែលបានកើតឡើងនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកស្នងការរង បានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះសម្លាប់មនុស្ស ៦នាក់ទាំងទារក នៅក្នុងពោះម្ដាយម្នាក់ផង ដែលបានកើតហេតុកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ គឺជាអំពើឃាតកម្ម ដែលឃាតករត្រូវបានសមត្ថកិច្ចវែកមុខឃើញហើយ។

លោកបញ្ជាក់ថា «ឃាតកគឺជាប្ដី និងជាឪពុក ដែលបានដុតផ្ទះសម្លាប់ប្រពន្ធ និងកូនខ្លួនឯង»។

បើតាមអង្គភាពការពារកុមារ Child Protection Unit បានចេញផ្សាយព័ត៌មាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចោទបុគ្គលឈ្មោះ នុន សារ៉េត ពីបទឃាតកម្មទៅលើជនរងគ្រោះ៥នាក់ ពាក់ព័ន្ធនឹងករណីអគ្គីភ័យដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
បុគ្គលឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំគឺជាប្តី និងឪពុករបស់ជនរងគ្រោះទាំង៥នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងករណីអគ្គិភ័យនេះ ហើយនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការដំបូងនៃខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើមនុស្ស៥នាក់។

សមាជិកនៃក្រុមការងារបានធ្វើការ យ៉ាងមមាញឹកអស់រយៈពេល ៣ថ្ងៃកន្លងមកនេះ ដើម្បីប្រមូលគ្រប់ភស្តុតាងដែលមាន និងព្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកកោសល្យវិច័យសាកសព និងអ្នកជំនាញស៊ើបអង្កេតករណីអគ្គិភ័យ នៅប្រទេសអូស្រ្តាលី ដើម្បីប្រមូលផ្តុំនូវភស្តុតាងល្អបំផុតដាក់ចូលសំណុំរឿង។
“បន្ទាប់ពីយើងបានត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពទាំង៥ យើងបានចាប់អារម្មណ៍ថា មានភាពមិនប្រកតីយ៉ាងខ្លាំងជាច្រើន ដែលបានកើតឡើងនៅក្នុងបរិវេនកន្លែងកើតហេតុនេះ ហើយសេចក្តីបំភ្លឺរបស់ជនសង្ស័យ ក៏មិនស៊ីសង្វាក់ជាមួយអ្វីៗ ដែលយើងបានឃើញ។” លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានមានប្រសាសន៍។
“នេះគឺជាអំពើដ៏ឃោរឃៅមួយ ដែលមានផលប៉ះពាល់ ដល់ក្រុមការងារយើងទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណ ទៅដល់ក្រុមការងារទាំងអស់គ្នា ដែលយើងអាចទទួលលទ្ធផលស៊ើបអង្កេតនេះបាន គឺពីព្រោះការប្តេជ្ញា និងការខិតខំប្រឹងប្រែងរបស់មន្ត្រីស៊ើបអង្កេត និងមន្ត្រីកោសល្យវិច័យទាំងអស់គ្នា ដែលបានព្យាយាមប្រមូលភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកទៅលើបុគ្គលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់មន្ត្រីជំនាញ នៅប្រទេសអូស្រ្តាលី ដែលបានផ្តល់ជាជំនួយ ក្នុងការវិភាគភស្តុតាងរបស់យើង។” លោក James McCABE បានមានប្រសាសន៍បន្ថែម។
“នេះគឺជាការស៊ើបអង្កេតដ៏ល្អ ដែលបានធ្វើឡើងដោយមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដើម្បីធ្វើឲ្យប្រាកដថាកុមាររងគ្រោះ និងម្តាយរបស់ពួកគេ បានទទួលនូវយុត្តិធម៌។”
ជនល្មើសបានផ្តល់នូវចម្លើយមួយចំនួន ដែលយើងមានភស្តុតាងជាច្រើន ដើម្បីគាំទ្រការចោទប្រកាន់។ យើងសូមថ្លែងការសោកស្តាយ ទៅដល់សាច់ញាតិរបស់ជនរងគ្រោះ ហើយសូមឲ្យវិញាណក្ខន្ធរបស់ពួកគេទៅកាន់សុគតិភព៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×