ស្ទឹងត្រែង ៖ រថយន្តមួយគ្រឿងបើកយ៉ាងលឿន បុកបុរសវ័យចំណាស់ម្នាក់ កំពុងជិះកង់ហាត់ប្រាណ បណ្តាលឲ្យប៉ើងធ្លាក់ពីលើគល់ស្ពានមេគង្គ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី ១១ខែឧសភាឆ្នាំ ២០២១។

ភ្លាមនោះអ្នកជិះកង់របួសធ្ងន់ឈ្មោះគង់ ខេង អាយុ៦៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បាត់បង់ជីវិត បន្ទាប់ពីក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់តាមរថយន្តពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ចំណែកអ្នកបើកបររថយន្តឈ្មោះហេង សុខណាក់ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាមួយអ្នករួមដំណើរម្នាក់ទៀត ត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

រថយន្តតាកូម៉ា ពណ៌ក្រហមពាក់ផ្លាកលេខកំពង់ចាម 2A3323 និងកង់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក។ យោងតាមកំណត់ហេតុ របស់សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តពិតជាបានល្មើស នឹងច្បាប់ចរាចរណ៍ដោយបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង។ អ្នកជិះកង់បើកបរនៅខាងស្ដាំរថយន្ត បុកពីក្រោយបន្តទៅបុកជាប់នឹងក្បាលស្ពានមេគង្គ បណ្ដាលឱ្យជនរងគ្រោះ ធ្លាក់ពីលើគល់ស្ពាន៕ រក្សាសិទ្ធិដោយ:សំណាង






