ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្តីជូនព័ត៌មានស្ដីពីការហាមឃាត់ការផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់)តាមប្រព័ន្ធអនឡាញ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១-l.ito Real, ២-លក់ម៉ាស់ 3និង4 ស្រទាប់ 0965680561 / 0884103650/៣-Mask Cambodia ម៉ាសពេទ្យ ៤-Srey Sor និងគណនីដទៃទៀតកំពុងផ្សព្វផ្សាយលក់ឧបករណ៏បរិក្ខារពេទ្យ (ម៉ាស់) តាមប្រព័ន្ធអនឡាញ។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ ឬឧបករណ៍ បរិក្ខារពេទ្យ (ម៉ាស់) គ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល ហើយការ លក់ផលិតផលទាំងនេះ អាចប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់តែប៉ុណ្ណោះ។
ក្រសួងសុខាភិបាល សូមជូនដំណឹងដល់ម្ចាស់គណនីទាំងអស់ខាងលើ ក៏ដូចជាគណនីដទៃទៀតថា ការលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) តាមប្រព័ន្ធអនឡាញជាសកម្មភាពខុសច្បាប់ ដែលការលក់ផលិតផល ទាំងនេះតម្រូវឱ្យលក់តាមឱសថស្ថាន ឱសថស្ថានរង ស្របច្បាប់ ហើយត្រូវមានលេខទិដ្ឋាការ ឬបត្តិកាពីក្រសួង សុខាភិបាល ការលក់ផលិតផលទាំងនេះតាមប្រព័ន្ធអនឡាញវាអាចជំរុញឱ្យមានផលិតផលក្លែងបន្លំ ឬអន់គុណភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ ជាពិសេសប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ផងដែរ។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ ដែល អនុញ្ញាតឱ្យមានការផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) យ៉ាងអនាធិបតេយ្យ និងគណនីពាក់ព័ន្ធដទ ទៀត ដែលបាននាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) ទៅតាមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕
រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ


