ថ្មីៗនេះ វីដេអូបង្ហាញស្រ្តីជាអ្នកជំងឺ Covid-19 ម្នាក់ អង្គុយនៅលើគ្រែក្នុងមន្ទីរពេទ្យ ស្តាប់បទចម្រៀងយ៉ាងត្រជាក់ចិត្ត កំពុងទទួលការចាប់អារម្មណ៍ និងនាំគ្នាស្ងើចគ្រប់ៗគ្នាតែម្តង បន្ទាប់ពីវីដេអូនេះត្រូវបានចែករំលែកនៅលើអុិនធើរណែត។
ពិតណាស់ រលកទី២នៃ Covid-19 បានធ្វើឲ្យបុគ្គលិកសុខាភិបាលឥណ្ឌា ត្រូវជួបការលំបាកយ៉ាងខ្លាំង។ ហេតុដូច្នេះ ដើម្បីដោះស្រាយសម្រាប់បរិយាកាសដ៏អាប់អួរនេះ ក្រុមវេជ្ជបណ្ឌិតកំពុងព្យាយាមរិះរកវិធី ដើម្បីធ្វើឲ្យភាពស្មុគស្មាញរបស់អ្នកជំងឺ ពួកគេមានអារម្មណ៍ល្អ និងសុខភាពកាន់តែប្រសើរផងដែរ។

ជាធម្មតា មានវីដេអូជាច្រើននៅលើអុិនធរណែត ដែលបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ស្ថិតក្នុងឈុតខោអាវការពារ PPE បានព្យាយាមលើកទឹកចិត្តអ្នកជំងឺ តាមរយៈការរាំ និងច្រៀងជុំវិញគ្លីនិក។ ជាក់ស្តែង ថ្មីៗនេះ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើ Twitter ដោយអ្នកស្រីវេជ្ជបណ្ឌិត Monika Langeh បានធ្វើឱ្យអ្នកលេងអុិនធើរណែត មានការចាប់អារម្មណ៍រំភើប និងស្ងើចសរសើរជាខ្លាំង។
បើតាមប្រភពបានឲ្យដឹងថា អ្នកគ្រូពេទ្យ Monika ត្រូវបានស្នើសុំឱ្យលេងភ្លេងខ្លះៗ ដោយអ្នកជំងឺវិជ្ជមាន Covid-19 ដើម្បីលើកទឹកចិត្តអ្នកជំងឺប្រុសម្នាក់ ខណៈស្រ្តីជំងឺម្នាក់អាយុ ៣០ ឆ្នាំ ម្នាក់ កំពុងទទួលរងពីការបរាជ័យផ្លូវដង្ហើម ក៏ត្រូវបានគាំទ្រដោយបុគ្គលិកពេទ្យផងដែរ។

ដោយសារតែផ្នែក ICU ត្រូវផ្ទុកពេញ ហេតុនេះ នាងក៏បានទទួលការព្យាបាលជាបន្ទាន់នៅឯសាលធំសម្រាប់ទទួលអ្នកជំងឺ Covid-19 ទូទៅ។ នៅក្នុងវីដេអូ អ្នកជម្ងឺស្រីនោះ បានអង្គុយនៅលើគ្រែមន្ទីរពេទ្យពាក់បំពង់ខ្យល់អុកស៊ីហ្សែន និងស្តាប់ភ្លេងនៃបទចម្រៀង “Love you Zindagi” ។
អ្នកគ្រូពេទ្យ Monika បានបានដាក់ចំណងជើងវីដេអូនេះថា “ក្មេងស្រីក្លាហានម្នាក់ បានស្នើសុំឱ្យខ្ញុំលេងភ្លេងមួយចំនួន ហើយខ្ញុំបានយល់ព្រមជាមួយនាង។ មេរៀនគឺមិនដែលបាត់បង់ក្តីសង្ឃឹមឡើយ” ។

វីដេអូដ៏ចាក់ដោតបេះដូងនេះផងដែរ ឃើញថាបានទាក់ទាញការមើលចំនួន 443.900 ហើយក៏កំពុងបន្តកើនឡើងលើសនេះ។ អ្នកលេងអ៊ីនធឺណេតភាគច្រើនបានសរសើរគ្រូពេទ្យយ៉ាងខ្លាំង ដោយក្នុងនោះ អ្នកលេងម្នាក់បានលើកឡើងនូវការសរសើរថា៖ «អរគុណដល់វេជ្ជបណ្ឌិត! សូមអរគុណផង! សម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ! អ្នកគឺជារូបព្រះទាំងអស់នៅក្នុងដួងចិត្តរបស់យើង! សូមរក្សាឱ្យមានសុវត្ថិភាព!»។ រីឯម្នាក់ទៀតក៏បានបន្ថែមថា៖ «នេះគឺជាសេចក្តីស្រឡាញ់ដ៏ធំធេងណាស់ ចំពោះអ្នកជម្ងឺនេះ! សូមជូនពរឱ្យនាងឆាប់ជាសះស្បើយ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



