បាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកនិងស្រុកកំរៀង បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅថៃ ចំនួន០២លើក ឃាត់ខ្លួនមេខ្យល់ចំនួន០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្ត និងឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន២៣នាក់ ស្រី៣នាក់ធ្វើការអប់រំ ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង១៧រហូតដល់ម៉ោង ១៨ល្ងាច នៅចំណុចភូមិសាស្រ្តទទួលខុសត្រូវដោយកងអនុសេនាតូចលេខ៣ ចំណុះផ្នែកសឹករងស្រុកភ្នំព្រឹកស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៨១៩ និងកម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ អនុវត្តឃាត់ខ្លួននិងនាំខ្លួន អ្នកលួចឆ្លងដែនពីប្រទេសកម្ពុជា បំណងចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់និងប្រថុយប្រថានបំផុតចំនួន១៩នាក់ស្រី០១នាក់។

ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានរកឃើញមនុស្សជា(មេខ្យល់)ក្នុងការនាំឆ្លងដែនដោយខុសច្បាប់នេះ ចំនួន០២នាក់គឺ៖១-ឈ្មោះ ផូ ផាត ហៅ តៃ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ២-ឈ្មោះសាផាតភេទស្រីអាយុ៦៤ឆ្នាំមុខរបរកម្មកររស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយពេលសាកសួរនិងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានរៀបចំកសាងសំណុំរឿងបញ្ជូនអនុវត្តតាមផ្លូវច្បាប់ រីឯពលករចំនួន ១៧នាក់ បាននាំយកទៅកាន់មណ្ឌលចត្តាឡីស័កកម្រិតទី១ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមវិធានសុខាភិបាលមុននឹងមានចំណាត់ការបន្ត។

នៅថ្ងៃដដែល វេលាម៉ោង១៦និង៣០នាទី សមត្ថកិច្ចចម្រុះប្រចាំនៅគោលដៅតាមផ្លូវជាតិលេខ៥៩ ក្នុងភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រគល់ពលករចំនួន០៤នាក់ ស្រី០២នាក់ និងជនសង្ស័យចំនួន ០២នាក់ ម៉ូតូ០២ គ្រឿង ប្រគល់មកឱ្យជំនាញដើម្បីស្រាវជ្រាវបន្ត។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអប់រំពលករបំរុងនឹងឆ្លងដែនខុសច្បាប់ចំនួន ០៤នាក់ ១.ឈ្មោះ ក្រឹង ឆេងហ៊ាង ភេទប្រុស អាយុ ២៦ឆ្នាំ ២.ឈ្មោះ ចាន់ វិច្ចរ៉ា ហោ ម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ ៣.ឈ្មោះ ស៊ីម យ៉េភេទស្រី អាយុ ១៩ឆ្នាំ អ្នកទាំងបីរស់នៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ និង៤.ឈ្មោះ ជុន ជីវៈ តាមរយៈមេខ្យល់នាំចេញមនុស្សខុសច្បាប់ចំនួន ២នាក់ ១.ឈ្មោះ ហ៊ុន យ៉ាត ភេទប្រុស អាយុ ៣៦ឆ្នាំ និង២.ឈ្មោះ ហែម សុផល ហៅ ប្រុញ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីខាងលើនេះ កម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







