ភ្នំពេញ ៖ វីដេអូថ្មីមួយទៀត ស្តែងៗតែម្តង បានបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏រន្ធត់ លោកឧកញ៉ា ហេង សៀ បើករថយន្តម៉ាក KIA បោះពួយយ៉ាងលឿន ទៅបុកជាមួយរថយន្តឡង់គ្រីស័រ១គ្រឿង ពេញទំហឹង បន្ទាប់ពីជួបគ្រោះស៊យត្រូវតារាស្រីកញ្ញា មាន ពេជ្រវីតា ចាក់២កាំបិតត្រង់ពោះយ៉ាងដំណំ ក្រោយប្រតាយប្រតប់គ្នាក្នុងរថយន្ត។

តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅវេលាម៉ោង ៣ និង ២៣ នាទី រសៀលថ្ងៃទី៤ ត្រូវបានឃើញរថយន្តម៉ាក KIA ១គ្រឿង ដែលបើកបរដោយឧកញ៉ា ហេង សៀ បានបោះពួយយ៉ាងលឿន លុះដល់ចំណុចកើតហេតុផ្លូវបំបែក ដោយសារតែប្រហែលឧកញ៉ាស្លន់ខ្លាំង ចាប់ហ្វ្រាំងពុំទាន់ ក៏បានបុកជាមួយរថយន្តឡង់គ្រីស័រ យ៉ាងពេញទំហឹងតែម្តង។
ក្រោយហេតុការណ៍កើតឡើង ក៏បានឃើញឧកញ៉ា ហេង សៀ បានចុះពីរថយន្ត និងនិយាយដោះស្រាយជាមួយម្ចាស់រថយន្តឡង់គ្រីស័រ។ ប៉ុន្តែ ដោយសារចុកនឹងរបួសខ្លាំង មិនអាចនៅស៊ូទ្រាំបាន ឧកញ៉ា ហេង សៀ ក៏បានទុករថយន្តចោលកណ្តាលផ្លូវ រួចចាកចេញទាំងដៃក្តោបមុខរបួសត្រង់ពោះ ដើម្បីស្វែងរកពេទ្យជួយសង្គ្រោះ ដែលមិនដឹងថាឈឺចុកចាប់ប៉ុណ្ណានោះទេ។

គួរបញ្ជាក់ថា បណ្តឹងឧកញ៉ា ហេង សៀ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដោយចោទប្រកាន់លើកញ្ញា មាន ពេជ្ររីតា ថាបានយក កាំបិតចុងស្រួច ចាក់ទៅលើរូបលោកចំនួន២កំាបិត និងថែមទាំងយកទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone 12 pro max នៅចំណុចកើតហេតុផ្លូវលេខ១៣៨ កែងនឹងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
តែទោះយ៉ាងណា បណ្តឹងរបស់ឧកញ៉ា ហេង សៀ ត្រូវបានកញ្ញា ពេជ្រវីតា ប្តឹងបកវិញ ដោយចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ទាំងបង្ខំនៅក្នុងឡានតែមិនបានសម្រេច ហើយពេលនេះ នាងក៏ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការជួយជ្រោមជ្រែងពីមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បន្ទាប់ពីត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារម២ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













