កណ្ដាល ៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចេញសេចក្ដីសម្រេចស្ដីពី ការបន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្ត ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតព្រៃ នៃឃុំបែកចាន និងភូមិព្រៃពពាល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សេចក្ដីសម្រេចត្រូវបានកំណត់នោះរួមមាន៖ «តំបន់ក្រហម»៖ ផ្នែកខ្លះ នៃភូមិស្វាយជ្រុំ និងផ្នែកខ្លះ នៃភូមិអណ្ដូង (លើកលែងផ្នែកខ្លះដែលកំណត់ជាតំបន់លឿងទុំ) នៃឃុំបែកចាន។ «តំបន់លឿងទុំ»៖ ភូមិពងទឹក, ភូមិត្នោតម្ពើម ផ្នែកខ្លះ នៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើង ចាប់ពីផ្លូវចូលភូមិផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះនៃភូមិអណ្ដូង (ស្ថិតនៅប៉ែងខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា) នៃឃុំបែកចាន និង«តំបន់លឿង»៖ ភូមិកម្ពោតស្បូវ, ភូមិព្រៃបឹង, ភូមិចក នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក។
នៅថ្ងៃដដែលនេះដែរ រដ្ឋបាលខេត្តកណ្ដាល ចេញសម្រេចស្ដីពី ការបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ











