ភ្នំពេញ ÷ ជនសង្ស័យដែលជំនាញខាងឆក់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋប្រមាណជា១០នាក់ ស្រី២នាក់ និងប្រុស៨នាក់ ត្រូវបានខាងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំដោយលោកអធិការហ៊ួរ ម៉េងវ៉ាង ចុះបង្រ្កាបបានជាបន្តបន្ទាប់ យកទៅធ្វើការសាកសួរ។

ហេតុការណ៍ចុះបង្រ្កាបនេះដែរ ធ្វើឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១ ចំណុចឃាត់បាន នៅមន្ទីរពេទ្យជប៉ុន និងនៅក្នុងផ្ទះសំណាក់តារាពេជ្រ ម៉ូឌែន ក្នុងសង្កាត់ឲ្យដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ដោយជនសង្ស័យម្នាក់បានជិះម៉ូតូធំមួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1-HX 5558 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ នៅតាមបណ្តោយផ្លូវសពន្ធរុស្ស៊ី ស្រាប់តែកម្លាំងផ្នែកអន្តរាគមន៍ កំពុងដើរល្បាតឃើញទាន់ក៏ប្រដេញ តាមជនសង្ស័យ បន្ទាប់មកជនសង្ស័យព្យាយាមជិះម៉ូតូរត់គេច ពីសមត្ថកិច្ចរហូតដល់ចំណុច មន្ទីរពេទ្យជប៉ុនក៏បានផ្តួលម៉ូតូចោល រួចរត់ចូលទៅក្នុងពេទ្យ តែដោយខាងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់បានតែម្តងទៅ។
ក្រោយពេលឃាត់បានវាយខ្នោះជនសង្ស័យម្នាក់ រួចបន្ទាប់មកនាំខ្លួនជនសង្ស័យ ទៅចង្អុលបង្ហាញបក្ខពួក៩នាក់ទៀត ដែលកំពុងនាំគ្នាស្នាក់នៅក្នុងផ្ទះសំណាក់ តារាពេជ្រ ម៉ូឌែន ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានស្រី២នាក់ ត្រូវបានសមត្ថកិច្ចចូលទៅវាយខ្នោះ យកមកទាំងអស់១០នាក់ស្រី២ ប្រុស៨នាក់នាំខ្លួន យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរបន្ត និងក៏សាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕
ដោយ ៖ សាមេត










