Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អែកលើ​គោលការណ៍​ច្បាប់​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ អាជ្ញាធរ​សាធារណៈ អាច​កំណត់​នូវ​លក្ខខណ្ឌ​មួយចំនួន​បាន​ក្នុងការ​ជ្រើសរើស​មន្ត្រី​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​
​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន តើ​ការកំណត់​វ៉ាក់សាំង​កាតព្វកិច្ច​សម្រាប់​មន្ត្រីរាជកា​រ​និង​ជា​លក្ខខណ្ឌ​សម្រាប់​ធ្វើជា​មន្ត្រី ជាការ​រំលោភបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ដូច​ការចោទប្រកាន់រ​បស់​សង្គម​ស៊ី​វី​ល​មួយចំនួន ដែរឬទេ​?

​ឯកឧត្តម ជិន ម៉ា​លីន​បាន​ថ្លែងថា ផ្អែកលើ​គោលការណ៍​ច្បាប់​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ អាជ្ញាធរ​សាធារណៈ អាច​កំណត់​នូវ​លក្ខខណ្ឌ​មួយចំនួន​បាន​ក្នុងការ​ជ្រើសរើស​មន្ត្រី ដូចជា​លក្ខខណ្ឌ​អាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព ការចាក់​វ៉ាក់សាំង ជាដើម​។​ល​។ រួមទាំង​លក្ខខណ្ឌ​ផ្សេងទៀត​ផងដែរ ដែលមាន​ភាពចាំបាច់ និង​ដើម្បី​ធានាបាន​នូវ​គុណភាព ប្រសិទ្ធិភាព និង​សុវត្ថិភាព​របស់​ស្ថាប័ន ដែល​ការកំណត់​នេះ​មិនមែនជា​ការរំលោភបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​នោះទេ ព្រោះថា វា​ធ្វើឡើង​ដើម្បី​ប្រយោជន៍​សាធារណៈ ហើយ​ជាពិសេស​លក្ខខណ្ឌ​វ៉ាក់សាំង​នេះ គឺ​ដើម្បី​ទប់ស្កាត់​និង​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​កូ​វីដ​-១៩ មិនមែន​ដើម្បី​ប្រយោជន៍​ឯកជន​នោះទេ​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានលើកឡើង​ទៀតថា ប្រសិនបើ​ការកំណត់​លក្ខខណ្ឌ​វ៉ាក់សាំង​កាតព្វកិច្ច​នេះ ជាការ​រំលោភបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ដូច​សង្គម​ស៊ីវិល​ចោទប្រកាន់​មែន​នោះ ហេតុអ្វី​ក៏​មិន​លើក​ពី​លក្ខ​ណ្ឌ​ផ្សេងទៀត​ដូចជា​អាយុ បទពិសោធន៍ និង​សញ្ញាបត្រ ជាដើម​។​ល​។ ថា​ជាការ​រំលោភបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ផងដែរ​ទៅ ព្រោះថា​អ្នក​ដែល​មិនអាច​បំពេញបាន​លក្ខខណ្ឌ​ទាំងនេះ មិនអាច​ប្រឡង​ធ្វើជា​មន្ត្រី​បាន​នោះទេ​។​

​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ មិនមែន​មានន័យថា ពលរដ្ឋ​ត្រូវ​ទទួលបាន​នូវ​លក្ខខណ្ឌ​ដូចគ្នា​ទាំងអស់​ពីរ​រដ្ឋ​នៅ​គ្រប់​ករណី​និង​គ្រប់​កាលៈទេសៈ​នោះទេ គឺអាច​មានការ​លើកលែង ហើយ​ដែល​ករណី​លើកលែង​នេះ ធ្វើឡើង​ក្នុងស្ថានភាព​ចាំបាច់ និង​ដើម្បី​ប្រយោជន៍​សាធារណៈ ដូចជា​អនីតិជន​មិនអាច​បោះឆ្នោត​បាន អ្នក​ធ្លាប់​មានទោស​ពីបទ​ឧក្រឹដ្ឋ​មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ជា​មន្ត្រីរាជការ និង​លោកសង្ឃ​មិនអាច​បង្កើត​បក្សនយោបាយ​បាន ជាដើម​។​ល​។ ដែល​ការកំណត់​ទាំងនេះ​មិនមែនជា​ការបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​នោះទេ​។​

​សូមបញ្ជាក់ថា ក្រសួង​មុខងារសាធារណៈ បានចេញ​សេចក្តីជូនដំណឹង​មួយ​ថា បេក្ខជន​ដែល​បានដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង ស្ថាប័ន ចំនួន​៦ ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​២​លើក​ឲ្យ​បាន​រួចហើយ​។​

​ក្រសួង​មុខងារសាធារណៈ បាន​លើកឡើងថា អនុលោម​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈកម្មការ​រៀបចំ​កា​រ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស និស្សិត និង​មន្ត្រីរាជការ​ស៊ីវិល ឱ្យចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​មុខងារសាធារណៈ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​រដ្ឋលេខាធិការដ្ឋាន អាកាសចរ​ស៊ីវិល សម្រាប់​ឆ្នាំ​២០២១ មេត្តា​ជ្រាបថា​៖

១. បេក្ខជន​ដែល​បានដាក់​ពាក្យសុំ​សិទ្ធី​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង ស្ថាប័ន ទាំង​៦​ខាងលើ ធានា​ឱ្យបាន​ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​២​លើក​រួចហើយ​។​

២. នៅ​ថ្ងៃ​ប្រឡង​បេក្ខជន​ទាំងអស់​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​កាត​សម្គាល់​ដែល​សាមីខ្លួន​បានទទួល​វ៉ាក់សាំង​។​

៣. ក្នុងករណី​ដែល​បេក្ខជន​មិនអាច​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​បាន ត្រូវមាន​លិខិតបញ្ជាក់​ជា​ផ្លូវការ​ពី​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត​។​

៤. ក្នុងករណី​បេក្ខជន​ណា​ដែល​មិនមាន​ប័ណ្ណ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​-១៩ ឬ​លិខិតបញ្ជាក់​របស់​មន្ទីរ សុខាភិបាល​រាជធានី ខេត្ត គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​មិន​អនុញ្ញាតឱ្យ​បេក្ខជន​នោះ​ចូលរួម​ប្រឡង​ឡើយ​។​

៥. គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង នឹងធ្វើ​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន ដើម្បី​ទុក​សិទ្ធិ​ឱ្យ​តវ៉ា​ក្នុងករណី ដែល​មិនមាន​ឈ្មោះ​ប្រឡង នៅពេលដែល​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​២០ កុម្ភៈ ត្រូវបាន​បិទ​បញ្ចប់​។​

៦. ចំពោះ​សេចក្តីសម្រេច​ស្តីពី​ការអនុញ្ញាតឱ្យ​បេក្ខជន​ចូលរួម​ប្រឡង កាលបរិច្ឆេទ​ប្រឡង និង​មណ្ឌល​ប្រឡង គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​នឹង​ជូនដំណឹង​ពេល​ក្រោយ​។ សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណៈជន សិស្ស និស្សិត និង​មន្ត្រីរាជការ​ស៊ីវិល មេត្តា​ជ្រាប​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​សង្គម​ស៊ីវិល​បានចេញ​សេចក្តីថ្លែងការណ៍​រួម ស្តីពី ស្នើ​លុបចោល ការកំណត់ ឱ្យ​បេក្ខជន ប្រឡង ក្របខ័ណ្ឌ មន្ត្រីរាជការ ត្រូវ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន ពីរ​ដូ​ស​ជាមុន​។ សមាគម សហជីព អង្គការ​សង្គម​ស៊ីវិល មាន​កង្វល់​យ៉ាងខ្លាំង​ចំពោះ​សេចក្តីជូនដំណឹង​របស់​ក្រសួង មុខងារសាធារណៈ បាន​តម្រូវឱ្យ​បេក្ខជន​ដែល​បានដាក់​ពាក្យស្នើសុំ​សិទ្ធិ ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង ស្ថាប័ន ចំនួន​៦ រួមមាន ក្រសួង​មុខងារសាធារណៈ ក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង ពាណិជ្ជកម្ម ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​រដ្ឋលេខាធិកា​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ត្រូវ​ចាក់​វ៉ាក់សាំង​
​ចំនួន​ពីរដង​រួចរាល់​ជាមុនសិន​។ ចំពោះ​បេក្ខជន​ណា​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ​គ្មាន លិខិតបញ្ជាក់​ពី​ករណី​ដែល​ពុំ​អាច​ចាក់​វ៉ាក់សាំង​បាន​ពី​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត នឹង​ពុំ​អនុញ្ញាតឱ្យ បេក្ខជន​រូបនោះ​ចូលរួម​ប្រឡង​ឡើយ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×