ភ្នំពេញ ៖ បន្ទាប់ពីបានស្រាវជ្រាវ ស៊ើបអង្កេតរកទីតាំងភូមិសាស្ត្រ ដែលកំពុងចរាចរ និងស្តុកទុកអាល់កុលក្លែងក្លាយបានច្បាស់លាស់ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. និងមានការឯកភាពពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឃាត់ទុកបណ្តោះអាសន្ន អាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ១២,៣៦០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

សូមជម្រាបជូនថា មេតាណុលគឺសារធាតុគីមី ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ឬសំណង់។ សារធាតុមេតាណុល មិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគកូវីត១៩នោះទេ មិនតែប៉ុណ្ណោះការប្រើមេតាណុលសម្រាប់លាងដៃសម្រាប់សម្លាប់មេរោគកូវីត១៩ អាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុលបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងប្រឈមចំពោះមុខច្បាប់ដល់ខ្លួនថែមទៀតផង។
សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទាំងអស់ប្រុងប្រយ័ត្ន មុនទិញអាល់កុលឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ សូមពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរឬចែកចាយអាល់កុលក្លែងក្លាយ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋានក.ប.ប.៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







