Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ក្រាបបង្គំ​ថ្វាយ ព្រះ​ពរ​ព្រះករុណា​ព្រះមហា​ក្ស ក្នុងឱកាស នៃ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះ​ជន្មាយុ គម្រប់​៦៨​ព្រះវស្សា យាង​ចូល ៦៩​ព្រះវស្សា​

ភ្នំពេញ ៖ សារលិខិត​ថ្វាយព្រះពរ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រាបបង្គំ​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស នៃ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះ​ជន្មាយុ គម្រប់​៦៨​ព្រះវស្សា យាង​ចូល ៦៩​ព្រះវស្សា​។​

​ឱកាស​ប្រកបដោយ​នក្ខត្តឫក្ស​ដ៏​ឧត្ដុង្គឧត្ដម នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះវស្សា របស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ និង​ភរិយា សូម​ព្រះ​បរម​រាជានុញ្ញាត លំឱនកាយវាចា​ចិត្ត ក្រាបបង្គំ​សម្ដែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្ដី សិរី​វ​ឌ្ឍ​នា វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ព្រះអង្គ​មាន​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះកាយពល​មាំមួន ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជារាស្ត្រ ជា​កូនចៅ​របស់​ព្រះអង្គ រស់នៅក្នុង​សេចក្ដីសុខក្សេមក្សាន្ត ឆ្ពោះទៅកាន់​វឌ្ឍន​ភាពជា​និច្ច​និរន្តរ៍ និង​ចម្រុងចម្រើន ថ្កុំ​ថ្កើ​ន​ទូទាំង​ព្រះ​នគរ​តរៀង​ទៅ​។​

​នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្ដុង្គឧត្ដម​វិសេសវិសាល ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​បំផុត​នៃ​ព្រះរាជ ពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​របស់ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​៦៨​ព្រះវស្សា យាង​ចូល​៦៩​ព្រះវស្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ ៣​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​. ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​នេះ ទូលព្រះ បង្គំជាខ្ញុំ តាងនាម រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រីរាជការ​ទូទាំងប្រទេស និង​ក្នុងនាម​ទូលព្រះបង្គំជាខ្ញុំ​ផ្ទាល់​ព្រមទាំង ភរិយា សូម​ព្រះ​បរម​រាជានុញ្ញាត​លំឱនកាយវាចា​ចិត្ត ក្រាបបង្គំ​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ប្រកបដោយ​កតញ្ញុតាធម៌ និង​កត​វ​ទិ​តា​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ ព្រះរាជ​បញ្ញាញាណ​ឈ្វេងយល់​ដ៏​ឈ្លាសវៃ និង​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា ប្រកបដោយ​ព្រះ​គុណធម៌ និង ព្រះ​មនុស្សធម៌​របស់​ព្រះករុណា​ថ្លៃ​វិសេស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ក៏ដូចជា​ព្រះរាជកិច្ច​ការបរទេស​របស់​ព្រះអង្គ ដែល​បានរួម​ចំណែក​យ៉ាង​វិសេសវិសាល​ក្នុងការ​លើកកម្ពស់​កិត្យានុភាព ជាតិ និង​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច សិក្សាធិការ សិល្បៈ​វប្បធម៌ សាសនា និង​សង្គម ហើយ​ជាពិសេស​ព្រះអង្គ ទ្រង់​តែង​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​បន្តបន្ទាប់ ជួយ​ដល់​វិស័យ មនុស្សធម៌ និង​សុខុមាលភាព​សង្គម ព្រមទាំង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជារាស្ត្រ​ពី​ជំងឺ​កូ​វីដ​-១៩ និង​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​នា​រយៈកាល​កន្លងមក​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​មហា​ម​ង្គ​លា​ភិរម្យ​ថ្លៃថ្លា​នេះ​ផងដែរ ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ឫទ្ធិ​បារមី​ខ្លាំងក្លា វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ថែរក្សា​ប្រាង្គ ប្រាសាទ​អង្គរ ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ព្រះនាម​ម​ណ្ឌា​ទេវី និង​បុណ្យ​បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​បុណ្យ​បារមី​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា​អភិបាល​ប្រោះព្រំ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ ថ្វាយ​ចំពោះ ព្រះករុណា ថ្លៃ​វិសេស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​ព្រះអង្គ​ទ្រង់​សមប្រកប​ដោយ​ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះ ត្រចង់ ព្រះកាយពល​សិរី​វ​ឌ្ឍ​នា ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ចាក​ផុតពី​ព្រះរោគា ព្យាធិ​នានា ដើម្បី​ព្រះអង្គ​ទ្រង់​គង់ប្រថាប់​នៅក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​បំពេញ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​ថ្ល​ថ្ល ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ និង​ជា​ព្រះ​ម្លប់​ដ៏​ត្រជាក់ត្រជំ​ថ្កុំថ្កើង​រុងរឿង​នៃ​មាតុភូមិ​អង្គរ​ជាទី​ស្នេហា និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​តរៀង​ទៅ និង​ព្រះ​ពុទ្ធពរ​ដ៏​ឧត្ដុង្គឧត្ដម​ថ្លៃថ្លា​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×