អតីតរាជនីសម្រស់ភូមាម្នាក់ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមកាន់អាវុធប្រឆាំងនឹងរបបយោធា នៅក្នុងប្រទេសរបស់នាង ដើម្បីសងសឹកប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ របស់ពួកគេ ដែលបណ្តាលឱ្យក្រុមអ្នកបះបោរបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់រយនាក់ ត្រូវស្លាប់។

នាង Htar Htet Htet អាយុ ៣២ ឆ្នាំ ដែលចូលរួមប្រកួតប្រជែងបវរកញ្ញា Miss Grand International ដើម្បីប្រជែងជ័យលាភីជាមួយបេក្ខនារី ៦០ នាក់ផ្សេងទៀត លើកដំបូងនៅប្រទេសថៃក្នុងឆ្នាំ ២០១៣ ត្រូវបានដឹងថា ពេលនេះនាងបានកំពុងចូលរួមជាមួយក្រុមឧទ្ទាម ហើយបានបង្ហោះរូបរបស់នាងជាមួយកាំភ្លើងវែងយ៉ាងជាក់ស្តែង។
នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាងបានសរសេរថា «ដល់ពេលដែលត្រូវប្រយុទ្ធហើយ! មិនថាអ្នកកាន់អាវុធ ប៊ិចក្តារចុច ឬអ្នកបរិច្ចាគប្រាក់ដល់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនោះទេ អ្នកគ្រប់គ្នាត្រូវតែខិតខំ ដើម្បីបដិវត្តទទួលបានជោគជ័យ។»។ នាងបន្តថា «ខ្ញុំនឹងតស៊ូតបវិញតាមដែលអាចធ្វើទៅបាន។ ខ្ញុំរៀបចំខ្លួនរួចហើយ និងត្រៀមលះបង់គ្រប់យ៉ាង។ ខ្ញុំថែមទាំងត្រៀមចំណាយជាមួយជីវិតខ្ញុំទៀតផង»។

អ្នកបង្ហាត់បង្រៀនកាយសម្ព័ន្ធរូបសម្រស់ស្រស់ស្អាតរូបនេះ នៅបានបង្ហោះរូបថតរបស់នាង ស្ថិតក្នុងសម្លៀកបំពាក់ប្រយុទ្ធឈុតខ្មៅ និងកាំភ្លើងវែង នៅលើបណ្តាញសង្គម Twitter ដោយបានភ្ជាប់សារដកស្រង់សម្តីមេដឹកនាំបដិវត្តគុយបាគឺលោក Che Guevara ជាមួយសំណេរលើកឡើងយ៉ាងចាក់ដោតថា៖ «បដិវត្តគឺមិនមែនជាផ្លែប៉ោមដែលជ្រុះមក នៅពេលវាទំនោះទេ។ អ្នកត្រូវតែធ្វើវាឲ្យធ្លាក់!»។
នេះគឺជាថ្ងៃទី១១ ខែឧសភា គឺជាគម្រប់ ១០០ ថ្ងៃ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធារបស់ប្រទេសនៅក្នុងប្រទេស។ ហ្វូងមនុស្សបាននាំគ្នាធ្វើដំណើរតាមដងវិថីយ៉ាំងហ្គោន និងនៅទូទាំងប្រទេសទាមទារ ឲ្យមានការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា មានជម្លោះនយោបាយចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ នៅពេលដែលរបបយោធា បានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសានស៊ូជី និងដណ្តើមកាន់កាប់ប្រទេសមីយ៉ាន់ម៉ា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











