ភ្នំពេញ ៖ នៅមុននេះបន្តិច នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ គេបានប្រទះឃើញហ្វេសប៊ុកតារាចម្រៀងប្រុសលោក វណ្ណា ស័ក្តិ បានបង្ហោះរូបភាពជាមួយម្តាយរបស់ខ្លួនលោកយាយ ណយ សំណាង នៅក្នុងឡានពេទ្យកំពុងសង្គ្រោះបន្ទាន់។

ក្នុងនោះ លោកបានបង្ហោះសារពោលពាក្យយ៉ាងក្តុកក្តួលបែបនេះថា៖ «មិនគួរណាមានបញ្ហាចឹងមកលើម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំសោះ ហេតុអ្វីទៅលោកអើយ អាណិតម៉ាក់ណាស់ សូមវត្ថុស័ក្តិសិទ្ធិ ជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីជម្ងឺនេះផង សុខចិត្តឲ្យខ្ញុំធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ ឲ្យតែម៉ាក់បានជាសះស្បើយពីជម្ងឺកាចសាហាវនេះ»។

កូនប្រុសរូបនេះ ក៏ថែមទាំងបាននិយាយនូវពាក្យបែបនេះ ព្រោះតែចង់ឲ្យម្តាយរួចផុតពីជំងឺកូវីដ១៩ ថា៖ «ខ្ញុំមិនដឹងនិយាយថាម៉េចឲ្យត្រូវទេ គាំងអស់ហើយ មានតែសុំពាក្យជូនពរពីបងប្អូនទាំងអស់គ្នា ឲ្យម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំបានជាសះស្បើយពីជម្ងឺនេះផងចុះ យកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ាក់ខ្ញុំអី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








