ភ្នំពេញ ៖ តារាសម្តែង និងកំប្លែងជើងចាស់ លោកយាយ ណយ សំណាង បានឆ្លងជំងឺកូវីដ១៩ នៅពេលនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភជាខ្លាំង ខណៈកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
នេះបើយោងតាមការបង្ហោះរូបភាពមួយសន្លឹក ដោយតារាសម្ដែងអ្នកស្រី អុឹម ផល្លារ ដែលក៏កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្បែរគ្នាដែរ បានបង្ហាញថា លោកយាយ ណយ សំណាង ពិតជាកំពុងស្ថិតស្ថានភាពធ្ងន់ធ្ងរប្រាកដមែន ដោយខណៈពេលនេះ គាត់ត្រូវបានបំពាក់ខ្យល់អុកស៊ីហ្សែន ជាមួយអាការហត់ដង្ហក់ខ្លាំង។

ដោយឡែក តាមរយៈគណនីហ្វេសប៊ុកលោក អឹុម ជីវ៉ា បានបង្ហោះឲ្យដឹងថា៖ «អាណិតគាត់ណាស់ តារាកំប្លែងជើងចាស់ លោកយាយ ណយ សំណាង កើតកូវីដ១៩ ពេលនេៈកំពុងសំរាកព្យាបាលនៅ ដឹព្រៀមៀសែនសុខ ដាក់ អ៊ុកសុីស៊ែន។ អ្នកកំពុងតែកំដរ និងផ្តល់កម្លាំងទឹកចិត្តឲ្យលោកយាយណយ សំណាង គឺជា អ៊ុំស្រី អុឹម ផល្លារជាតារាសម្តែងជើងចាស់ ក៏គាត់កើតកូវីដ១៩ដែរ ក៏ប៉ុន្តែ អ៊ុំស្រី អុឹម ផល្លារ គាត់កើតមុននិងចូលសំរាកព្យាបាលជិតកន្លះខែហើយ ។

ខ្ញុំបាទ អុឹម ជីវ៉ា និងព្យាយាមជួយតារាសម្តែងទាំងពីដួងនេះ ឲ្យអស់ពីលទ្ធភាពអ្វីដែលខ្ញុំអាចជួយបាន ខ្ញុំបាទនឹងធ្វើទៅតាមលទ្ធភាព ដើម្បីលើកទឹកចិត្តតារាជើងចាស់ពីរដួងនេះ ព្រោះគាត់ជាវិរៈសិល្បករផ្នែកចំរៀងអាយ៉ៃ ដែលជាមរតកមនុស្សរស់ ខ្មែរ ស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ សូមអរគុណរាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យអាវសរ ដែលខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចការនឿយហត់ឡើយ ដើម្បីប្រជាជនយើង។ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពពីខ្ញុំបាទ អុឹម ជីវ៉ា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






