Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ កម្ពុជាបញ្ចៀស បាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាបាននូវស្ថិរភាពសន្តិសុខផ្ទៃក្នុង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ ប្រភេទ ធានាបាននូវស្ថិរភាពសន្តិសុខផ្ទៃក្នុង រក្សាបានប្រក្រតីកម្មនៃកិច្ចដំណើរការស្ថាប័នកំពូលៗរបស់ជាតិ និង ជីវភាពសង្គម ព្រមទាំងការពារប្រកបដោយសុវត្ថិភាពនូវគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ វិនិយោគ និងទេសចរណ៍។

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារំឮកខួបអនុស្សារីយ៍លើកទី៧៦(១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើតនគរបាលជាតិ។

សម្តេចតេជោ ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ ស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងនិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបាន លះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ប្រកៀកស្មាយ៉ាងរឹងមាំជាមួយអាជ្ញាធរ នឹងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូពុះពារឆ្លងកាត់ឧបសគ្គរាប់មិនអស់ ប្តូរផ្តាច់ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទន្ទឹមនេះខ្ញុំក៏សូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់មន្ត្រីនគរបាលជាតិ ដែលមាន របួស ឬ មានជំងឺប្រចាំកាយ ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងតាមគេហដ្ឋាន សូមឆាប់ជាសះ ស្បើយបានវិលមកជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងសហការី ដើម្បីបន្តភារកិច្ចការងារជូនអង្គភាពវិញ។ក្នុងឱកាសនេះដែរ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ បងប្អូន សាច់ញាតិមន្ត្រីនគរបាល ដែលបានពលីជីវិតក្នុងបេសកកម្ម ក៏ដូចជាទទួលមរណភាពដោយប្រការផ្សេងៗ នឹង ដោយសារជំងឺកូវីដ-១៩ ហើយក៏សូមផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនមន្ត្រីនគរបាល ព្រមទាំងក្រុមគ្រួសារដែល កំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីសឹកនៅតាមមន្ទីរពេទ្យ តាមគេហដ្ឋាន ឬ តាមមណ្ឌលនានា សូមបងប្អូនទាំង អស់គ្នាឆ្លងផុតពីគ្រោះភ័យនៃជំងឺដ៏កាចសាហាវនេះ និងឆាប់បានជាសះស្បើយ មានសុខភាពជាប្រក្រតីឡើងវិញ។

ចាប់តាំងពីថ្ងៃរំដោះប្រទេសជាតិ ចេញពីយុគ្គខ្មៅងងឹតនៃកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាបានឆ្លងកាត់ នូវឧបសគ្គស្មុគស្មាញជាទីបំផុត ក្នុងដំណើរស្តារ និងកសាងប្រទេស ដែលចាប់ផ្ដើមពីចំណុចសូន្យ រហូតមានការ អភិវឌ្ឍដូចពេលបច្ចុប្បន្ន។ ក្នុងដំណើរឈានទៅមុខលើមាគ៌ាដ៏វែងឆ្ងាយលំបាកលំបិននេះ កងកម្លាំងនគរបាលជាតិ បានចូលរួមជាមួយរាជរដ្ឋាភិបាលបង្កើតនូវសមិទ្ធផលជាច្រើនរាប់មិនអស់ ដោយបានបូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ថ្វីត្បិតតែសព្វថ្ងៃនេះមាតុភូមិរបស់យើងកំពុងក្រាលគ្របដោយសុខសន្តិភាព ក៏ប៉ុន្តែកងកម្លាំងនគរបាលជាតិ នៅតែបន្តបំពេញតួនាទីយ៉ាងសកម្មរួមចំណែកការពារសន្តិភាព ពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រកប ដោយស្មារតីស្នេហាជាតិ និងមាតុភូមិ។ ជាក់ស្ដែងនាឆ្នាំ២០២០ និងឆ្នាំ២០២១ នេះ បើទោះបីជាព្រះរាជាណាចក្រ កម្ពុជា ប្រឈមយ៉ាងស្រួចស្រាលទៅនឹងវិបត្តិសុខភាពសាធារណៈ ដែលបណ្តាលមកពីការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ក្តី ក៏ប៉ុន្តែតាមរយៈនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុតស្រួច របស់កងកម្លាំងនគរបាលជាតិ បានធ្វើឲ្យបរិយាកាសសន្តិសុខសង្គមជារួមមានភាពល្អប្រសើរ ដោយយើងបានការពារយ៉ាងរឹងមាំនូវខឿនសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី និងរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការ អភិវឌ្ឍ។ ជាមួយគ្នានេះ កម្ពុជាបញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ ប្រភេទ ធានាបាននូវស្ថិរភាពសន្តិសុខផ្ទៃក្នុង រក្សាបានប្រក្រតីកម្មនៃកិច្ចដំណើរការស្ថាប័នកំពូលៗរបស់ជាតិ និង ជីវភាពសង្គម ព្រមទាំងការពារប្រកបដោយសុវត្ថិភាពនូវគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ វិនិយោគ និងទេសចរណ៍។ បណ្តាបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្សពិសេសស្ត្រី និងកុមារ បទល្មើសសេដ្ឋកិច្ច បទល្មើសបច្ចេកវិទ្យា ការនាំចូលចរាចរណ៍ឱសថ និងផលិតផលក្លែងក្លាយខូចគុណភាព សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់។ល។ ត្រូវបានចាត់វិធានការបង្ក្រាបយ៉ាងសស្រាក់សម្រាំ និងទទួល បានលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយឡែកស្ថានភាពសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានកែលម្អឲ្យមានរបៀបរៀបរយល្អប្រសើរជាងមុន ពិសេសប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ បានចូលរួមក្នុងការអនុវត្តច្បាប់ចរាចរណ៍យ៉ាង ផុលផុស ដែលបានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០ មានការថយចុះប្រមាណ ២៣% កាត់បន្ថយមនុស្ស ស្លាប់ប្រមាណ ១៧% និងកាត់បន្ថយអ្នករបួស ២៤%។

វឌ្ឍនភាពដែលត្រូវបានកត់សម្គាល់បន្ថែមទៀតនោះគឺ ការប្រែប្រួលប្រកបដោយភាពវិជ្ជមាន ក្នុងការផ្តល់ សេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ របស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលជាកម្លាំងស្នូលនៃ ការជំរុញចលនាអនុវត្តគោលនយោបាយជាតិ ស្តីពី – ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព » ។ ការពង្រឹងសីលធម៌ វិន័យ ការកែប្រែឥរិយាបថធ្វើការងារ និងការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងការអនុវត្ត របៀបរបបធ្វើការងារតាមរបត់នគរបាល និងសហគមន៍ បានធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិត ពីការថ្នាំងថ្នាក់ រិះគន់ បែរមកកោតសរសើរ គាំទ្រ និងចូលរួមសហការ។ស្ថិតក្នុងកាលៈទេសៈប្រកបដោយហានិភ័យ នៃការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ កងកម្លាំង នគរបាលជាតិ បានចូលរួមយ៉ាងផុលផុស ជាមួយគ្រប់គណៈកម្មការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ការពារគោលដៅ ធ្វើចត្តាឡីស័ក មន្ទីរពេទ្យ ឬ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្រាវជ្រាវស្វែងរកបុគ្គលគេចវេសពីការព្យាបាល ឬ ការធ្វើចត្តាឡីស័ក ទប់ស្កាត់ការជ្រៀតចេញ-ចូលឆ្លងកាត់ព្រំដែនគេចវេសពីការធ្វើចត្តាឡីស័ក និងការដាក់ពង្រាយកម្លាំង អនុវត្តវិធានការហាមឃាត់ការឆ្លងកាត់ភូមិសាស្ត្ររវាងខេត្ត និងខេត្ត ក៏ដូចជាវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ សូមថ្លែងនូវការកោតសរសើរ លើកទឹកចិត្តបន្ថែម ទៀត ចំពោះពលិកម្ម ប្រកបដោយស្មារតីអង់អាចក្លាហានរបស់កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចការពារសុខភាព សាធារណៈ ក៏ដូចជាអាយុជីវិតប្រជាពលរដ្ឋ និងសង្គមជាតិ។

ឆ្នាំ២០២១ និងឆ្នាំ២០២២ ខាងមុខនេះ ស្របពេលដែលសង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្ត និងពុំអាច កំណត់ពេលវេលាបញ្ចប់បានច្បាស់លាស់នោះ សភាពការណ៍សន្តិសុខសកលលោក ក៏នៅតែបន្តប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់ ហើយនឹងជះឥទ្ធិពលជាអវិជ្ជមាន ដល់បរិយាកាសសន្តិសុខនៅកម្ពុជាយើងជាក់ជាមិន ខានឡើយ។ ក្នុងខណៈពេលដូចគ្នានេះដែរ ព្រះរាជាណាចក្រកម្ពុជានឹងត្រូវត្រៀមលក្ខណៈសម្បត្តិរៀបចំដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាគោលដៅនៃការប៉ុនប៉ងវាយប្រហារ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីបំផ្លាញកិច្ចដំណើរការនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ។ ដូចនេះស្ថានការណ៍ នាពេលខាងមុខ ទោះបីតិច ឬ ច្រើន ផ្ទាល់ ឬ ប្រយោល សុទ្ធតែមានផលប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងយ៉ាងពិត ប្រាកដ ដែលបញ្ហាទាំងអស់នេះ តម្រូវឲ្យកងកម្លាំងនគរបាលជាតិ បន្តពង្រឹងស្មារតីប្តេជ្ញាចិត្តខ្ពស់បំពេញកាតព្វកិច្ច ក្នុងនាមជាកម្លាំងស្នូល រក្សាឲ្យបាននូវស្ថិរភាពសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវរាល់ឧបាយកល សកម្មភាពរបស់ក្រុមឧទ្ទាមក្បត់ជាតិ និងបក្ខពួក ដោយមិនឲ្យពួកគេសម្រេចផែនការទុច្ចរឹតទាំងនេះ បានជា ដាច់ខាត។

ទន្ទឹមគ្នានេះដែរ ការគំរាមកំហែងដោយអំពើភេរវកម្មអន្តរជាតិ ការរីករាលដាលនៃឧក្រិដ្ឋកម្មឆ្លងដែន ការបន្ត កើតឡើងនូវបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្សពិសេសស្ត្រី និងកុមារ បទល្មើស បច្ចេកវិទ្យា ការនាំចូលចរាចរណ៍ឱសថ និងផលិតផលក្លែងក្លាយខូចគុណភាព អំពើហិង្សាក្នុងគ្រួសារ សកម្មភាព ក្មេងទំនើង ។ល។ នៅតែជាប្រធានបទស្មុគស្មាញដែលត្រូវតែបន្តខិតខំរិះរកវិធានការគន្លឹះដោះស្រាយ ឆ្លើយតប ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើឲ្យវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្លាយជាសសរស្ដម្ភដ៏រឹងមាំបម្រើឲ្យការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ពិតណាស់កិច្ចការទាំងអស់នេះគឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងមានភាពស្មុគស្មាញសម្រាប់កងកម្លាំងនគរបាលជាតិ ប៉ុន្តែខ្ញុំនៅតែមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ចំពោះមនសិការស្នេហាជាតិ មាតុភូមិ និងភក្ដីភាពរបស់កង កម្លាំងនគរបាលជាតិ និងសូមលើកទឹកចិត្តដល់បងប្អូនបន្តសកម្មភាពបង្កើតស្នាដៃ ប្រែក្លាយការប្រឈមទៅជា កាលានុវត្តភាព ដើម្បីបង្កើតនូវសក្ដានុពល រួមចំណែករក្សាសន្តិភាព និងភាពសុខសាន្តរុងរឿងជូនប្រទេសជាតិ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×