Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ការចាក់វ៉ាក់សាំងម្ជុលទី១ នៅតំបន់ក្រហមជិត អស់ហើយ និងត្រូវអនុវត្តចាក់ម្ជុលទី២

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែឧសភា តាមផែនការដែលបានរៀបចំទុក គឺការចាក់ម្ជុលទី១ (លើកទី១) ជិតអស់ហើយ ដោយមានប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងច្រើន និងជិតដល់ថ្ងៃដែលត្រូវអនុវត្តចាក់ម្ជុលទី២ហើយ។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា យុទ្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ចាប់ពីថ្ងៃទី១-១៤ ខែឧសភា ឆ្នាំ២០២១ គឺបានប្រព្រឹត្តដោយរលូនមិនមានបញ្ហាអ្វីនោះទេ ក្រុមការងារចាក់វ៉ាក់សាំងបានបំពេញការងារ យ៉ាងពេញលេញតាមអ្វីដែលបានប្រគល់ភារកិច្ចជូន។
ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា “ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតំបន់ក្រហមមកដល់ពេលនេះ គឺតាមផែនការដែលបានរៀបចំទុក ដោយការចាក់ម្ជុលទី១ ជិតអស់ហើយ បានច្រើនដែរហើយ និងជិតដល់ថ្ងៃដែលត្រូវអនុវត្តម្ជុលទី២ ហើយ។ ពុំមានបញ្ហាអ្វីរារាំងដល់ដំណើរការចាក់វ៉ាក់សាំងទេ គឺយើងតែងតែដោះស្រាយជាបន្តបន្ទាប់ មានបញ្ហាបន្តិចបន្តួចរឿងការសហការ ការរៀបចំប្រជាជន ក៏ដូចជាកម្មករ ដើម្បីមកចាក់វ៉ាក់សាំងឲ្យមានសណ្តាប់ធ្នាប់ និងតាមលំដាប់លំដោយ គឺមានបញ្ហាតិចតួច តែវាមិនមានអីធំដុំទេ។ យើងក៏ដកពិសោធន៍ជាមួយគ្នា គឺដំណើរការនៃការសហការសហប្រតិបត្តិការគ្នា គឺកែខៃបានបានទាន់ពេលវេលាគ្រប់កាលៈទេសៈទាំងអស់”។

សម្តេចពិជ័យសេនា ទៀ បាញ់ ជឿជាក់ថា ការចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺនឹងកាត់បន្ថយបាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតំបន់នោះផងដែរ។ “ការជឿជាក់របស់យើង គឺវិធានការជាច្រើនដែលយើងបានបំពេញ គឺតាំងពីការបិទខ្ទប់ តាំអងពីការអំពាវនាវឲ្យពាក់ម៉ាស់ ការរក្សាគន្លាត ការធ្វើអនាម័យ បានដំណើរការជាបន្តបន្ទាប់។ ការជឿជាក់មួយផ្សេងទៀត គឺអំពីសារធាតុវ៉ាក់សាំងដែលវាចូលទៅក្នុងរាងការយរបស់ប្រជាពលរដ្ឋ គឺវាបានជួយមួយចំណែកធំជាក់ជាពុំខាន ហើយការចាក់វ៉ាក់សាំងនេះ និងជួយសង្គ្រោះដល់សុខភាពសាធារណៈ បានមួយចំណែកទៀតនៅលើការជឿជាក់លើវ៉ាក់សាំងនេះ”។


សូមជម្រាបថា ការបើកយុទ្ធនាការចាក់វ៉ាក់់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពីតំបន់ក្រហម៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×