Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ៖ សភាពការណ៍សន្តិសុខ ជាសកល នាពេលខាងមុខ មានភាពស្មុគស្មាញ ជះឥទ្ធិពលជាអវិជ្ជមានទាំងផ្ទាល់ និងប្រយោលដល់កម្ពុជា

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សភាពការណ៍សន្តិសុខជាសកលនាពេលខាងមុខ នៅតែមានការប្រែប្រួលប្រកបដោយភាពស្មុគស្មាញ មិនអាចប៉ាន់ស្មានបាន ព្រមទាំងជះឥទ្ធិពលជាអវិជ្ជមានទាំងផ្ទាល់ និងប្រយោលដល់ប្រទេសកម្ពុជា ស្របពេលដែលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅបន្តយាយីដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើតជារនាំង ឧបសគ្គដ៏ធំធេង ទប់ស្កាត់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងសារលិខិតជូនពរផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារម្លឹកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

សម្តេចក្រឡាហោមបានបន្តថា ស្ថានភាពប្រកបដោយហានិភ័យខាងលើនេះ គឺជាបន្ទុកដែលរាជរដ្ឋាភិបាលត្រូវរែកពន់ ដើម្បីការពារខឿនសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី សង្គ្រោះជីវិតប្រជាពលរដ្ឋ និងខិតខំស្ដារ អភិវឌ្ឍន៍ប្រទេសជាតិ ដែលទទួលរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ ក្រៅពីនេះបញ្ហាសន្តិសុខ ផ្ទៃក្នុង ក៏អាចប្រឈមទៅនឹងការវាយប្រហារពីក្រុមឧទ្ទាមក្បត់ជាតិ ដែលគាំទ្រដោយនិន្នាការនយោបាយ ប្រឆាំងក្រៅប្រទេស ប្រើប្រាស់ឧបាយកលទុច្ចរិត បង្កភាពវឹកវរបំពុលបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ សង្គម ក្នុងគោលដៅសម្រេចនូវមហិច្ឆតាខ្មៅងងឹត ដណ្តើមអំណាចផ្ទុយពីគន្លងនៃលទ្ធិប្រជាធិបតេយ្យ។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា បញ្ហាប្រឈមដូចបានពោលខាងលើ គឺជាតម្រូវការចាំបាច់ទាមទារឲ្យមានការចូលរួមជាចលនាជាតិ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាហើយវិស័យអាទិភាពនោះ គឺការធានារក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាសសរស្តម្ភក្នុងការ អភិវឌ្ឍន៍លើគ្រប់វិស័យ។ ហេតុនេះកងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងស្នូលក្នុងវិស័យសន្តិសុខ ត្រូវបន្ត បេសកកម្មរបស់ខ្លួនដោយឥតឈប់ឈរ សំដៅពង្រឹងឲ្យបាននូវមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិ។ ខណៈពេលដូចគ្នានេះ កងកម្លាំងនគរបាលជាតិដែលជាកម្លាំងអន្តរាគមន៍ គាំទ្រជួយដល់ការបង្ការទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក៏ត្រូវតែបន្តលះបង់ពេលវេលា និងកម្លាំងកាយពល រួមចំណែកការពារសុខភាព សាធារណៈ អាយុជីវិតប្រជាពលរដ្ឋ និងសង្គមជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×