ក្រុមបឹ្រក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការប្រជុំតាមអនឡាញជាសាធារណៈមួយ នៅថ្ងៃអាទិត្យខាងមុខនេះដើម្បីដោះស្រាយអំពើហឹង្សា កាន់តែខ្លាំងរវាងប្រទេសអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីន។ នេះបើយោងទៅតាមការឱ្យដឹងពីអ្នកការទូតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។
ប្រភពដដែលបាននិយាយថា សហរដ្ឋអាមេរិកបានរារាំងសម័យប្រជុំ កាលពីសុក្រ និងបានស្នើឱ្យមានការប្រជុំនៅដើមសប្តាហ៍ក្រោយ ហើយពេលនោះកិច្ចប្រជុំក៏ត្រូវបានផ្លាស់ប្តូរ ដោយក្នុងនោះមានការស្នើសុំដោយ ប្រទេសទុយនេស៊ី ប្រទេសន័រវែ និងប្រទេសចិនទៅថ្ងៃអាទិត្យវិញ។
សហរដ្ឋអាមេរិកបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ការស្នើលើកពេលនោះគឺ ខ្លួនចង់ផ្តល់ពេលវេលាសម្រាប់ការទូតតែប៉ុណ្ណោះ។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinkenបានសួរអំពីការកាត់ផ្តាច់វគ្គនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនបានរារាំងកិច្ចប្រជុំនោះទេ ក៏ប៉ុន្តែខ្លួនចង់អោយធ្វើនៅពេលក្រោយវិញ។
លោកបានប្រាប់អ្នករាយការណ៍ព័ត៍មានក្នុងទីក្រុង វ៉ាស៊ីនតោនថា៖ យើងគឺបើកចំហរ និងគាំទ្រចំពោះកិច្ចពិភាក្សាបើកចំហរនៅអង្គការសហប្រជាជាតិ។ លោកបន្ថែមថា ខ្ញុំគិតថា យើងគួរតែធ្វើនៅដើមសប្តាហ៍ក្រោយ។ នេះជាអ្វីដែលខ្ញុំសង្ឃឹមថា វានឹងផ្តល់ពេលវេលាខ្លះសម្រាប់ការទូតដើម្បីមានឥទ្ធិពលខ្លះ។ ការថ្លែងរបស់លោកគឺធ្វើឡើងនៅមុនកិច្ចប្រជុំដែលនឹងរៀបចំនៅថ្ងៃសៅរ៍នេះ។
សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែលបានការពារ ការវាយលុកដ៏សាហាវរបស់រដ្ឋជូហ្វីស ដែលការឆ្លើយតបនឹង ការបាញ់រ៉ុក្កែតពីចលនាប៉ាឡេស្ទីនហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប។ លោក Blinken បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកកំពុងស្វែងរក“ ការបញ្ចប់នូវអំពើហឹង្សាដែលនៅតែបន្តទាមទារជីវិតរបស់កុមារ ស្ត្រី និងបុរសដែលគ្មានទោស” ។លោក Blinken មានប្រសាសន៍ថា“ យើងច្បាស់ណាស់ថាការវាយប្រហារដោយគ្រាប់រ៉ុក្កែតត្រូវតែបញ្ឈប់” ។
សូមជម្រាបថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខដែលធ្វើឡើងដោយតាមរយៈវីដេអូនេះ គឺដោយសារតែការរាតត្បាតជំងឺ ហើយក្នុងនោះមានការទាមទារការគាំទ្រពីសមាជិកទាំង ១៥ រូប។យ៉ាងណា យោធាបាននិយាយថានៅព្រឹកថ្ងៃសុក្រថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាសដែលជាផ្នែកមួយនៃប្រតិបត្តិការដែលកំពុងបន្តប្រឆាំងនឹងហាម៉ាស។
កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសារខ្លីមួយថា“ យន្តហោះ និងកងទ័ពអ៊ីស្រាអែលនៅលើដីកំពុងធ្វើការវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប”។មនុស្សជាង ១០០ នាក់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានគេរាយការណ៍ថា បានស្លាប់ចាប់តាំងពីថ្ងៃច័ន្ទ ក្នុងនោះរួមមានកុមារ ២៧ នាក់ និងមនុស្សជាង ៥៨០ នាក់រងរបួសដោយសារការទម្លាក់គ្រាប់បែកធន់ធ្ងន់ បានធ្វើឱ្យរញ្ជួយឆ្នេរសមុទ្រ ដែលមានមនុស្សរស់នៅច្រើន និងបានបំផ្លាញអគារប៉មទាំងមូល។
នៅខាងក្នុងប្រទេសអ៊ីស្រាអែលមនុស្ស ៧ នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃចន្ទ ក្នុងនោះមានកុមារអាយុ ៦ ឆ្នាំម្នាក់ បន្ទាប់ពីគ្រាប់រ៉ុក្កែតបានវាយប្រហារផ្ទះរបស់គ្រួសារមួយ៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

