រដ្ឋបាលលោកបៃដិន បានសន្យាថា ខ្លួននឹងឈរជាមួយប្រទេសអូស្រា្តលីនៅក្នុងភាពតានតឹងរវាងពណិជ្ជកម្ម និងជម្លោះទំនាក់ទំនងការទូតជាមួយចិន។
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្រា្តលី លោកស្រី Marise Payne កំពុងធ្វើទស្សនកិច្ចក្នុងទីក្រុងវ៉ាស៊ីនតោន និងជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក រួមជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសលោក Antony Blinken ទាំងយប់។លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងឈរជាមួយប្រទេសអូស្រ្តាលី ចំពេលដែលមានកើនឡើងនូវភាពតានតឹងរវាងទីក្រុង កង់បេរ៉ា និងទីក្រុងប៉េកាំង។

លោក Blinken បាននិយាយថា៖ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិកនឹងមិនទុកអូស្រា្តលី ចោលតែម្នាក់ឯងក្នុងបញ្ហា(សមរភូមិ)នេះទេ រឺក៏ប្រហែលខ្ញុំគួរនិយាយថា មិនទុកចោលតែម្នាក់ឯងនៅទីលានប្រកួតនេះទេ ក្នុងការប្រឈមមុខចំពោះការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ប្រទេសចិន។ លោកបន្ថែមទៀតថា៖ នេះជាអ្វីដែលសម្ព័ន្ធមិត្តត្រូវធ្វើ។ យើងមានខ្នងបង្អែកជាមួយគ្នាទៅវិញទៅមក ដូច្នេះយើងអាចប្រឈមការគម្រាមកំហែង និងឧបសគ្គពីជំហរនៃកម្លាំងសមូហភាព។

លោកស្រី Payne បាននិយាយថា អូស្រ្តាលីនៅតែបើកចំហសម្រាប់ការសន្ទនាជាមួយទីក្រុងប៉េកាំង ប៉ុន្តែលោកស្រីបានទទួលស្គាល់ថាមានបញ្ហាប្រឈមធំ ៗ នៅក្នុងទំនាក់ទំនង និងការស្វាគមន៍ ការគាំទ្ររបស់សហរដ្ឋអាមេរិក។លោកស្រីបាននិយាយថា“ អូស្រ្តាលីស្វែងរកទំនាក់ទំនងក្នុងន័យស្ថាបនាជាមួយប្រទេសចិន។ យើងត្រៀមខ្លួនគ្រប់ពេលវេលាក្នុងចំណោមសមភាគី និងសហសេវិករបស់ខ្ញុំដើម្បីចាប់ផ្តើមការសន្ទនាឡើងវិញ” ។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា បានធ្លាក់ចុះកាលពីឆ្នាំកន្លងទៅ ក្រោយពេលដែលអូស្ត្រាលីអំពាវនាវឱ្យមានការស៊ើបអង្កេត ជាអន្តរជាតិមួយទាក់ទងនឹងដើមប្រភពមេរោគរាតត្បាត កូវីដ១៩ និងបានណែនាំពីច្បាប់ជ្រៀតជ្រែកពីបរទេស។ បញ្ហាទាំងអស់នេះ បានធ្វើឱ្យមានការសងសឹង ពាណិជ្ជកម្មពីប្រទេសចិន ដែលផ្តោតលើការនាំចេញរបស់អូស្រា្តលីដូចជា ធ្យូងថ្ម ស្រូវសាលី ឈើ និងគ្រឿងសមុទ្រ។
កាលពីសប្តាហ៍មុនរដ្ឋាភិបាលចិន បានប្រកាសថាខ្លួននឹងផ្អាករាល់សកម្មភាពទាំងអស់ ក្រោមកិច្ចពិភាក្សាសេដ្ឋកិច្ចយុទ្ធសាស្ត្រចិន – អូស្ត្រាលី៕
ប្រភព៖ 9 News
រក្សាសិទ្ធិដោយ៖CEN

