ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកហ្គាសបើកទៅបុកពីក្រោយ រួចកិនម៉ូតូជាប់ក្រោមរថយន្ត ព្យាយាមបើករត់គេចខ្លួនអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមឃាត់បានទាំងតៃកុងនិងរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃសៅរ៍ទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ ឆៀវ ហុង ភេទប្រុស អាយុ៥៤ ឆ្នាំមុ ខរបរចុងភៅ បច្ចុប្បន្នស្នាក់នៅសង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1S 1848 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិេខ១ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកហ្គាសមួយគ្រឿងទៀត ក្បាលពណ៌សពាក់ផ្លាកលេខ 3-B2484 បើកបរដោយបុរសម្នាក់ធ្វើដំណើរ ស្របទិសមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដាច់សាច់ បែកចេញពីគ្នាជាបំណែក យ៉ាងអាណោចអាធ័ម ចំណែកឯម៉ូតូជនរងគ្រោះ ជាប់នៅក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត្រ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចក៏បានពិនិត្យ នឹងទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅ ខាងការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ រួចបានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត








