ខេត្តស្វាយរៀង ៖ លោក ហ៊ែល ហ៊ុយ សមាជិកក្រុមប្រឹក្សាស្រុកស្វាយជ្រំនិងលោកស្រី ព្រំ សុីថា និងជាតំណាងលោក ហុឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ និង ភរិយា ព្រមទាំងលោក ហុឹម ឧត្ដម ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងលោកស្រី កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយមួយចំនួនទៅជូនដល់រដ្ឋបាលឃុំក្រោលគោ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋចំនួន១៥០គ្រួសារដែលមានជីវភាពខ្វះខាតនៅ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ហ៊ែល ហ៊ុយ តំណាងលោក ហុឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ បានបញ្ជាក់ពីគោលបំណងនៃការយកអំណោយមកចែកជូនពេលនេះ គឺដើម្បីជួយឧបត្ថម្ភ សម្រួលដល់បញ្ហាជីវភាពរស់នៅព្រមទាំងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងគ្រួសារ បានមួយគ្រាហើយលោកក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំការពារកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងមូលដ្ឋានសហគមន៍របស់យើង។
លោក ហ៊ែល ហ៊ុយ ក៏បានធ្វើការកោតសរសើរដល់កម្លាំងសមត្ថកិច្ច ការពារគោលដៅទាំងអស់ដែលនាពេលកន្លងមក បានខិតខំលះបង់ពេលវេលាក្នុងការជួយទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងមូលដ្ឋានរបស់ខ្លួន និងបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចនៅទីនោះ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩បន្តទៀត។

លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តរបស់ក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ដែលរយៈពេលកន្លងមក នឹងពេលនេះតែងតែផ្ដល់ការ ជួយឧបត្ថម្ភជាស្បៀងអាហារនិងថវិកាមួយចំនួន ដល់កម្លាំងសមត្ថកិច្ចនិងប្រជាការពារ ប្រជាពលរដ្ឋ ក្នុងឃុំ ជាបន្តបន្ទាប់ទោះតិចក្តីច្រើនក្តី តាមលទ្ធភាពជាក់ស្ដែង។
សូមបញ្ជាក់ផងដែរថា អំណោយដែលបានផ្តល់ជូននៅពេលនេះរួមមាន: • អង្ករ១៥០០គីឡូក្រាម • ត្រីខកំប៉ុង៥០យូស្មើរ៥កេះ • ទឹកសុីអុីវ៥០យូ • ទឹកត្រី៥០យូ • មី៥០កេះ • ភួយ១៥០ភួយ • អាកុល២កាន ផងដែរ៕រក្សាសិទ្ធិដោយ៖ វ៉ៃកូ

