ស្ត្រីម្នាក់នៅទីក្រុង Guilin ខេត្តក្វាងស៊ី ប្រទេសចិន បានព្យាយាមលួងលោមចិត្តបុរសម្នាក់ ប្រៀបគូស្នេហ៍កំពុងប្រេះឆាគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនចោមរោមមើល បន្ទាប់ពីស្រ្តីរូបនោះបានបើករថយន្តបង្កគ្រោះថ្នាក់ ទៅលើរថយន្តបុរសនោះ។ ក្នុងនោះ អ្វីដែលចាប់អារម្មណ៍ គឺថានាងថែមទាំងយកដៃឱបចង្កេះបុរសនោះ ហើយសូម្បីចាប់កាន់អង្អែលម្រាមដៃរបស់គាត់ទៀត ខណៈពេលកំពុងចចារគ្នាដ៏តានតឹង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងរវាងរថយន្ត BMW ពណ៌ប្រផេះ (ជារបស់ស្ត្រីរូបនេះ) និងរថយន្តពណ៌ទឹកប្រាក់ (ជារបស់បុរសរងការខូចខាត)។ អ្នកបើកឡានទាំងពីរបានចុះមកពីពិនិត្យរថយន្តរៀងៗខ្លួន ហើយព្យាយាមចរចាគ្នារកដំណោះស្រាយនៅចិញ្ចើមថ្នល់។
ខ្សែវីដេអូ បានបង្ហាញស្ត្រីនោះ បានព្យាយាមដាក់ដៃឱបចង្កេះបុរសវ័យកណ្តាលនោះ ដោយសង្ឃឹមថា នឹងធ្វើឲ្យគាត់រំងាប់ចិត្ត សណ្តោសប្រណីដល់រូបនាង ពីកំហុសបើកបរបង្ករខូចខាតបន្តិចបន្តួច ដោយអចេតនានេះ។

ក្នុងនោះផងដែរ គេបានឮនាងបានប្រាប់បុរសនោះថា “អ្វីៗអាចដោះស្រាយគ្នាបាន” ហើយនៅពេលដែលបុរសនោះសួរនាងថាតើបញ្ហានឹងត្រូវដោះស្រាយយ៉ាងដូចម្តេច នាងក៏បាននិយាយថា “ខ្ញុំជឿជាក់ថា បងប្រុសអាចធ្វើវាបាន”។
ខណៈពេលដែលស្ត្រីនោះព្យាយាមបន្តសុំក្តីអាណិតអាសូរពីបុរសនោះ នាងក៏បានចាប់ផ្តើមកាន់ដៃ ហើយថែមទាំងចាប់កាន់ម្រាមដៃរបស់គាត់ជាប់ទៀត ខណៈបុរសនោះហាក់ដូចជាមិនចង់ទទួលយកបាន។

ជុំវិញហេតុការណ៍នេះផងដែរ ក៏បានធ្វើឲ្យអ្នកដំណើរដែលពុំបានដឹងសាច់រឿង ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគិតស្មានថា ពួកគេគឺជាគូស្នេហ៍និងគ្នា។
តែយ៉ាងណា គេក៏មិនដឹងច្បាស់ទេថា តើស្ត្រីរូបនោះទទួលបានជោគជ័យ ក្នុងការស្វែងរកការអាណិតអាសូរពីបុរសនោះ តាមរយៈវិធីលួងលោមមួយនេះយ៉ាងណានោះទេ ប៉ុន្តែ បើតាមអ្នកបានដឹង បាននិយាយថា ការខិតខំរបស់នាងបានទទួលជោគជ័យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

