ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ដោយមានការចូលរួមពី លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្ត លោក រាណ សុវណ្ណារិទ្ធិ សមាជិកអចិន្រ្តៃយ៍ សសយក ខេត្ត លោកនាយកវិទ្យាល័យស្វាយរៀង មន្រ្តីរាជការមន្ទីរបរិស្ថានខេត្ត លោកគ្រូ អ្នកគ្រូ វិទ្យាល័យស្វាយរៀង និងយុវជន សសយក ក្រុងស្វាយរៀង កាលពីព្រឹកថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចូលរួមដាំកូនឈើចំនួន ១០០ដើម ដែលផ្ដល់ដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដាំនៅក្នុងបរិវេណ វិទ្យាល័យស្វាយរៀង។ ការដាំដើមឈើនេះឡើងគឺ ដើម្បីលើកម្ពស់សោភណ្ឌភាពសាលា ក៏ដូចជាបណ្តុះគំនិតថែរក្សា ស្រឡាញ់ និងការពារឈើ សម្រាប់យុវជនជំនាន់ក្រោយៗបាន ស្គាល់នឹងពីតម្លៃនៃដើមឈើ។

ក្នុងឱកាសនោះដែរ លោក ក៏បានជម្រាបជូនដល់លោកគ្រូ.អ្នកគ្រូ ត្រូវចូលរួមថែរក្សា ការពារ ស្រោចទឹក និង ដាក់ជី កូនឈើទាំងនេះឱ្យបានទៀងទាត់ ដើម្បីឆាប់លូតលាស់ បានផ្លែផ្កា ជាប្រយោជន៍រួមដល់សាលា ក៏ដូចជាកូនៗ ក្មួយៗជំនាន់ក្រោយជាសិស្សានុសិស្ស បានស្គាល់អំពីប្រភេទដើមឈើផងដែរ។ លើសពីនេះ លោកអភិបាលរងខេត្ត ក៏បានណែនាំឱ្យចូលរួមអនុវត្តអោយបានខ្ចាប់ខ្ជួននៅវិធានការ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ






