ខេត្តស្វាយរៀង ៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំនួន ១៦នាក់ ចូលរួមផ្លាស់វេនក្រុម គ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែកដែលកំពុងព្យាបាល ក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិតត្រូវបញ្ចប់ភារកិច្ច ១៤ថ្ងៃ នៅថ្ងៃ នេះ ។
អញ្ជើញចូលរួម នានាឱកាសនោះ មានលោក វណ្ណ សុមុន្នី អភិបាលរង ក្រុងបាវិត តំណាង លោកលឹម សៀមហេង អភិបាលក្រុងបាវិត លោកវេជ្ជបណ្ឌិត ជ័យ ចាន់ថន ប្រធានមន្ទីរពេទ្យបង្អែករមាសហែក លោកវេជ្ជបណ្ឌិត អន សុភី អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកជីភូ និងលោកវេជ្ជបណ្ឌិត អុឹម បុត្រ ប្រធានផ្នែកចត្តាឡីស័ក ។

ក្នុងឱកាសនោះ លោកបណ្ឌិត បានឧបត្តម្ភទឹកដោះឆៅ ២០ឡូ និងទឹកសុទ្ធ ២០កេស ជូនក្រុមគ្រូពេទ្យទាំង ២ក្រុម ហើយ និងឧបត្តម្ភសមត្ថកិច្ច ៤នាក់ម្នាក់ៗ ទទួលបានថវិកា៥មុឺនរៀល ។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា: នៅក្រុងបាវិតមានកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ មួយកន្លែងមាន ឈ្មោះ ថា មណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ។ ចំពោះក្រុមគ្រូពេទ្យព្យាបាល នៅក្នុងមណ្ឌលព្យាបាលនេះ មន្ទីរសុខាភិបាលបានចល័តពីមន្ទីរពេទ្យផ្សេងៗ ក្នុងខេត្តមកជួយដោយប្តូរវេនវិលជុំ ១៤ថ្ងៃ ម្តង ។ ជាក់ស្ដែងថ្ងែនេះ ក្រុម គ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចូលក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែករមាសហែកចេញ ។ ប៉ុន្តែក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែករមាសហែក ត្រូវបន្តចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ១៤ថ្ងៃ បន្ថែមទៀតទើបអនុញ្ញាត ឱ្យទៅផ្ទះជួបជុំគ្រួសារ ។ ថ្ងែនេះជាវេនទី៤ហើយ ដែលវេនទី១ ទី២ គឺមន្ទីរពេទ្យបង្អែកជីភូ និងមន្ទីរពេទ្យបង្អែកស្វាយទាប ។

លោកបណ្ឌិត កែរ រដ្ឋា បានមានប្រសាសន៍ឲ្យដឹងទៀតថា: បច្ចុប្បន្ននេះនៅក្នុងខេត្តស្វាយរៀង មានមន្ទីរពេទ្យព្យាបាល កូវីដ-១៩ ចំនួន ២ និងមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ១ ។ កន្លងមកការផ្ទុះជំងឺកូវីដ-១៩ ភាគច្រើននៅទីក្រុងបាវិត គីដោយសារការមិនគោរពនូវ វិធានការសុខាភិបាល ប៉ុន្តែស្ថានការណ៍បានធូរស្រាលឡើងវិញ ដោយសារមាន ការគ្រប់គ្រងល្អ និងបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត ហើយនិងការចង្អុលបង្ហាញ និងអនុសាសន៍ល្អៗ ពីសំណាក់លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ស្វាយរៀង ។ រហូតដល់ពេលព្រឹកនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៣៩៤នាក់ ស្រី ១៦១នាក់ (ជនជាតិខ្មែរ: ៣៥៦ នាក់,ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៣០៩នាក់ ស្រី ១២៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជា ជនជាតិខ្មែរ ។

ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាពចំនួន 4,248នាក់ ស្រី 1,222នាក់ ។ សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន 4,257នាក់ ក្នុងនោះអ្នកបញ្ចប់ការធ្វើចត្តាឡីស័កសរុប 4,190នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កមានចំនួន 67នាក់។ លទ្ធផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៍ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន 4.900នាក់ ស្រី 1749នាក់ និងយកសំណាកលើកទី២ សរុប 1,971នាក់ ស្រី 741នាក់ ៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ




