បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជូនបុរសមេខ្យល់ម្នាក់ទៅកាន់សាលាដំបូងខេត្ត ក្រោយបង្ក្រាបបានក្នុងករណីនាំពលករចំនួន៨នាក់ លួចឆ្លងដែនទៅធ្វើការប្រទេសថៃ ដោយខុសច្បាប់។ ដោយឡែកពលករទាំង៨នាក់ ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្រុកម៉ាឡៃ រយៈពេល១៤ថ្ងៃ។

នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសទី១ បានចុះល្បាតតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការលួចចេញ-ចូល ទៅប្រទេសថៃដោយខុសច្បាប់ ពេលល្បាតដល់ចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ប្រទះឃើញពលករចំនួន០៨នាក់ ក្នុងនោះស្រ្តីចំនួន០៥នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ហើយកម្លាំងចម្រុះ ក៏បានឃាត់ខ្លួនយកមកសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃតែម្ដង ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងថា ក្រោយពីសួរនាំពលករទាំង០៨នាក់រួច ទើបកម្លាំងចម្រុះ ធ្វើប្រតិបត្តិការឃាត់ខ្លួនមេខ្យល់ម្នាក់ ឈ្មោះ វណ្ណ: វណ្ណន ភេទប្រុស អាយុ២៩ឆ្នាំ និងដកហូតរថយន្ត០១គ្រឿង ម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2A-5019 នៅចំណុចភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសាកសួរចម្លើយ ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងទៀតថា ចំពោះមេខ្សល់ខាងលើ ក្រោយពីកម្លាំងជំនាញ សាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា រូបគេជាអ្នករត់តាក់ស៊ី ហើយបានដឹកពលករចំនួន០៦នាក់ ពីខេត្តបាត់ដំបង មកស្រុកម៉ាឡៃ ពិតប្រាកដមែន តាមរយៈអ្នករត់តាក់ស៊ីម្នាក់ទៀត ឱ្យខ្លួនដឹកដោយយកលុយពីពួកគាត់ ក្នុងម្នាក់៥០,០០០រៀលផងដែរ កាលពីថ្ងៃទី១៤ ឧសភា ២០២១ ស្អែកឡើងថ្ងៃទី១៥ ស្រាប់តែសមត្ថកិច្ចចម្រុះ មកឃាត់ខ្លួនគេតែម្ដង ។

ដោយផ្អែកលើចម្លើយរបស់ពលករ និងចម្លើយសារភាព របស់មេខ្យល់ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកពលករទាំង០៨នាក់ ត្រូវបានកម្លាំងបញ្ជូន ទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្រុកម៉ាឡៃហើយ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា ការឃាត់ខ្លួនមេខ្យល់ឈ្មោះវណ្ណ: វណ្ណន លោកក៏បានគោរពរាយការណ៍ ជូនលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ បច្ចុប្បន្ន មេខ្យល់រូបនេះត្រូវកម្លាំងការិយាល័យប្រឆាំង ការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ