ភ្នំពេញ៖ ក្រុមអ្នកលេងបាល់ទះ សរុបមាន ៩នាក់ ប្រុស ៨នាក់ និងស្រី ១នាក់ ត្រូវបានលោកឯក ឃុនឌឿន អភិបាលខណ្ឌនៃគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានបញ្ជាកម្លាំងក្រោមឱវាទចុះទៅឃាត់ខ្លួនយកមកអប់រំនិងផាកពិន័យភ្លាមៗ ស្ថិតនៅតំបន់លឿង ក្នុងភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

មូលហេតុនៃការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង ៩នាក់ ខាងលើនេះ ដោយសារតែមានការរាយការណ៏ពីប្រជាពលរដ្ឋថាមានការប្រមូលផ្តុំអ្នកនិយមហាត់ប្រាណ និងលេងល្បែងស៊ីសងបាល់ទះភ្នាល់គ្នាដាក់លុយដាក់កាក់និងល្មើសនិងការណែនាំរបស់ក្រសួងសុខាភិបាលមិនឲ្យមានការប្រមូលផ្តុំនិង រក្សាការការពារ ៣កុំ និង៣ការពារ ទើបលោកអភិបាលបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាលផ្សារដេប៉ូទី៣នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងកីឡាភ្នាល់គ្នាដាក់លុយកាក់ឃាត់ខ្លួនមនុស្ស៩នាក់រួចបញ្ជូនទៅកាន់សាលាខណ្ឌទួលគោកធ្វើការអប់រំនិងផាកពិន័យម្នាក់២០ម៉ឺនរៀលទុកជាការអប់រំនិងឲ្យត្រលប់ទៅផ្ទះវិញ៕ ដោយ-សួង សាម







