ស្ទឹងត្រែង ៖ តុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនយុវជនពីរនាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បញ្ជូនដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី ១៦ខែឧសភាឆ្នាំ២០២១។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១៣ខែឧសភាឆ្នាំ២០២១ វេលាម៉ោង៧យប់ជនសង្ស័យ២ នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ដោយមានម្នាក់លាក់ដាវនៅជាប់នឹងខ្លួន ទៅបន្ទប់ផ្ទះជួលប្អូនប្រុសរបស់ខ្លួន ក្នុងចំណោមជនសង្ស័យម្នាក់ នៅចំណុចក្បែរមន្ទីរពេទ្យភូមិភាគមួយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។ ពេលទៅដល់ពួកគេទាំងពីរនាក់ ក៏បានអង្គុយចាំនៅលើម៉ូតូនៅខាងក្រៅ។ បន្ទាប់មកជនសង្ស័យម្នាក់ ចុះពីម៉ូតូដើរទៅរកប្អូនប្រុសក្នុងបន្ទប់ជួល ក៏បានជួបនឹងជនរងគ្រោះឈ្មោះភី សុខលាង ដែលធ្លាប់មានគំនុំក្នុងពេលផឹកស៊ីកន្លងមកនៅក្បែរនោះ។ ពេលនោះក៏បាននិយាយឌឺដងផ្លែផ្កាដាក់គ្នា ឃើញដូចនោះជនរងគ្រោះឈ្មោះភី សុខលាង ក៏ស្ទុះទៅដាល់ចំផ្ទៃមុខ និងយកឈើជ្រុង វាយត្រូវចាំកែងជើងខាងឆ្វេង ជនសង្ស័យបន្ថែមទៀត។ ឃើញស្ថានភាពបែបនេះ ជនសង្ស័យឈ្មោះវីច មី ក៏បានស្ទុះចូលទៅ ហើយដកដាវចេញពីចង្កេះ កាប់ឈ្មោះភី សុខលាង ត្រូវចំខ្នងបណ្ដាលឲ្យរងរបួស ផ្អើលដល់អ្នកជិតខាង ចេញមកជួយឃាត់ជនសង្ស័យទាំងពីរនាក់ ហើយរាយការណ៍មកសមត្ថកិច្ចអន្តរាគមន៍ជួយ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ជនរង គ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទឈ្មោះសៅ សុខនាត អាយុ២០ឆ្នាំ និងឈ្មោះវៀច មី អាយុ១៧ឆ្នាំ។ អ្នកទាំងពីរមានមុខរបរជាងសិប្បកម្មឈើ មានទីកន្លែងកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នមកស្នាក់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

នៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង ឈ្មោះលី គឹមឆាយ បានសម្រេចចោទប្រកាន់ ឃុំខ្លួនជនត្រូវចោទ២ នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេតជាបន្តទៀត៕ រក្សាសិទ្ធិដោយ៖សំណាង


