ស្ទឹងត្រែង ៖ មន្ត្រីជលផលខេត្តបានប្រាប់ឲ្យដឹងថា ក្នុងរដូវបិទនេសាទត្រីទឹកសាប តាមដងទន្លេមេគង្គភូមិសាស្ត្រខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី១ ដល់ ១៦ ខែឧសភា រយៈពេលកន្លះខែ ដើមរដូវកាលនេះមន្ត្រីជំនាញបានឃាត់ទូកល្មើសទៅនឹងការហាមឃាត់ក្នុងរដូវបិទនេសាទដល់ទៅជាង ២០០នាក់ព្រមទាំងទូកជាច្រើនគ្រឿងទៀត។

លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបានឲ្យដឹងថាក្នុងរដូវបិទនេសាទនេះ ខណ្ឌរដ្ឋបាល ជលផលបានជូនដំណឹងដល់ ប្រជា នេសាទ ទាំងអស់រួចមកហើយ តាមរយៈការផ្សព្វផ្សាយដោយផ្ទាល់និងឃោសនសព្ទដោយមិនអនុញ្ញាតឲ្យធ្វើនេសាទដែលប្រើឧបករណ៍ ល្មើសច្បាប់ហាមឃាត់ទេ។
ការហាមឃាត់នេះគឺដើម្បីការពារ និងអភិរក្សត្រីមេពូជក្នុងកំឡុងពេលពងកូនតាមបែបធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លោកនាយរងខណ្ឌបានបន្តថា ៖ ក្រុមឆ្មាំទន្លេបានធ្វើការដកហូតឧបករណ៍នេសាទ ដែលអ្នកនេសាទដាក់នៅក្នុងអន្លង់អភិរក្សចំណុចតំបន់អភិរក្សនិងដកហូតបាននូវឧបករណ៍នេសាទជាច្រើនមានមងបណ្តែតជាដើម ។
លោកនាយរងខណ្ឌក៏បានសំណូមពរឲ្យបងប្អូនប្រជានេសាទទាំងអស់បញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ខុសច្បាប់ ដូចជាឆក់ ប្រើថ្នាំបំពុល និងគ្រឿងផ្ទុះ ដែលនាំឲ្យបាត់បង់ និងផុតពូជដល់ធនធានជលផលក៏ដូចជាត្រីមេពូជ ។
សូមបញ្ជាក់ថាខេត្តស្ទឹងត្រែង មានទន្លេ ៤ហូរកាត់ គឺទន្លេស្រែពក ទន្លេសេសាន ទន្លេសេកុង និងទន្លេ
មេគង្គ។ ទន្លេទាំងនេះ ជាតំបន់អន្លង់ជ្រៅ ដែលជាជង្រុក និងជាជម្រករបស់ត្រីមេពូជដ៏សំខាន់។
សម្រាប់តំបន់ខេត្តស្ទឹងត្រែងខណ្ឌរដ្ឋបាលជលផល បានប្រកាសថាការបិទនេសាទ ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១។ ទោះបីនៅក្នុងកំឡុង ពេលបិទរដូវនេសាទក៏ដោយបងប្អូនប្រជានេសាទ ក៏នៅតែអាចធ្វើការនេសាទបានដោយប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារមានដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀត ។
របាយការណ៍ជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបង្ហាញថា យុទ្ធនាការហាមឃាត់ក្នុងរដូវបិទនេសាទ មន្ត្រីជំនាញបានផ្សព្វផ្សាយអប់រំណែនាំប្រជានេសាទ ដែលនេសាទដោយប្រើឧបករណ៍មងបណ្តែត ក្នុងរដូវបិទនេសាទចំនួន ២១០នាក់។ ព្រមានដោយធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរចំពោះអ្នកនេសាទ ដែលនៅតែបន្តនេសាទនៅក្នុងរដូវបិទនេសាទចំនួន ១០៣នាក់ និងធ្វើកិច្ចសន្យាចំពោះអាជីវករប្រមូលទិញត្រី ដែលបានពីការនេសាទខុសច្បាប់ ឬប្រើឧបករណ៍ខុសច្បាប់ចំនួន ១២នាក់។
ជាមួយនោះក៏បានដកហូតមងបណ្តែតដែលលួចនេសាទនៅក្នុងរដូវបិទនេសាទ និងតំបន់អភិរក្សសត្វផ្សោតបានប្រវែងប្រមាណ ៣.១៧០ម៉ែត្រ និងសន្ទូររនងចំនួន ៤២០ផ្លែ , រឹបអូសស្បៃមុងប្រវែង ២០០ម៉ែត្រ, លបប្រើស១០០ ប្រវែង ១៨០ម៉ែត្រ និងសាច់អួនប្រវែង ១៥០ម៉ែត្រ។
មានទាំងធ្វើការផ្សព្វផ្សាយពីរដូវបិទនេសាទឲ្យបានជ្រួតជ្រាបដល់គ្រប់សហគមន៍ទាំងអស់តាមវិទ្យុ ផ្សាយតាមមេក្រូ ខិត្តប័ណ្ណ បណ្តាញទំនាក់ទំនងសង្គម និងជួបផ្ទាល់តាមខ្នងផ្ទះ។ល។៕ រក្សាសិទ្ធិដោយ ៖ សំណាង





