Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​សិក្សា ÷ យល់់ឃើញ​ផ្សេង​ពី​តុលាការ ចំពោះ​ការ​ប្រឌិត​ភស្ដុតាង​ក្នុង​គំនិត​ទុច្ចរិត​បែរ​ទៅជា​ការថត​សម្ដែង​ត្រាប់​ទៅវិញ​

ករណី​ប្ដឹងផ្ដល់​រវាង ឧកញ៉ា ហេង សៀ​ជាមួយ​តារា​ម៉ូ​ដែល អតីត​ពិធី​ការិនី​ទូរទស្សន៍ My TV និង​ជា​បេ​ក្ខ​នារី Miss Grand Cambodia បាន​ឈានចូល​មកដល់​ដំណាក់កាល សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ឈ្មោះ ឃ​ន ឈុន​តារា និង​ស្ត្រី​ឈ្មោះ តាំង គីម​ហៀ​ង (​ប្ដី​-​ប្រពន្ធ , ត្រូវជា​កូនស្រី​បង្កើត និង​កូនប្រសា​របស់​ឧកញ៉ា ហេង សៀ​) កាលពី​ថ្ងៃទី​១៥ ខែឧសភា ពាក់ព័ន្ធ​អំពី​ការជ្រើសរើស​មនុស្ស​ថត​រូប​អាសអាភាស ភ្ជាប់​ទៅនឹង​ករណី កញ្ញា មាន ពេជ្រ​រីតា និង​ឧកញ៉ា ហេង សៀ​, ហើយ​ឈាន​មកដល់​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ ជនជាប់សង្ស័យ​ទាំងពីរ ត្រូវបាន​បញ្ជូនមក​សាលាដំបូង ដើម្បី​សួរនាំ និង​បំភ្លឺ , ប៉ុន្មាន​ម៉ោង​ក្រោយមក ស្រាប់តែ​តុលាការ​ក៏បាន​សម្រេច​ដោះលែង​ជន​ទាំងពីរ​ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ (​សូម​អាន​សេចក្តីថ្លែងការណ៍​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​) ដោយ​សម្អាងថា ការជ្រើសរើស​មនុស្ស​ថ​ត​រូប​អាសអាភាស ភ្ជាប់​ទៅនឹង​ករណី​កញ្ញា មាន ពេជ្រ​រីតា និង​ឧកញ៉ា​ហេង សៀ នោះ គឺជា​ការថត​សម្ដែង​ត្រាប់​ទៅវិញ​។

​ដំណើរ​វិវឌ្ឍន៍​មួយឈុត​នេះ ធ្វើ​ឲ្យ​មហាជន​សិក្សា​យល់ឃើញថា ÷

១-​ការប្រព្រឹត្ត​បង្កើត​រូបភាព​អាសអាភាស​នេះ មិនមែន​ហៅថា ថត​សម្ដែង​ត្រាប់​លើ​អង្គហេតុ​នៃ​ជម្លោះ​ដែល​កើតមាន​រវាង​កញ្ញា មាន ពេជ្រ​រីតា និង​ឧកញ៉ា ហេង សៀ ដូចដែល​តុលាការ​យល់ឃើញ នោះទេ​?!

២- តាម​ការពិត គំនិត​ទុច្ចរិត (​បង្កើត​រូបភាព​អាភាស ឬ​ថត​សម្ដែង​ប្រាប់​) របស់​ពួកគេ គឺ​ចង់​ប្រឌិត​ភស្តុតាង​តែប៉ុណ្ណោះ ដើម្បី​ផ្ដល់​សក្ខីកម្ម​ទម្លាក់កំហុស​ទៅលើ កញ្ញា មាន ពេជ្រ​រីតា ធ្វើ​ឲ្យ​មហាជន​ស្លុង​អារម្មណ៍​យល់ថា ÷

​ក – នាង​ពិតជា​ត្រូវបាន​គេ​ស៊ី​នំ​ឲ្យ​លុយ​មែន ,

​ខ​- បើ​មិន​ដូច្នោះ​ទេ នាង​មិនមែន​ប្រតាយប្រតប់​ដណ្ដើមយក​ទូរស័ព្ទ​ដើម្បី​លុប​រូបភាព​ពី​ក្នុង​ទូរ​សព្ទ​ឡើយ,

​គ​- អត្ថន័យ​ខាងលើនេះ ត្រូវបាន​បង្ហាញ​ឬក៏​ផុស​នៅក្នុង account facebook របស់​ជនជាប់សង្ស័យ ដា​រ៉ា ខាន់ ឬ ឃ​ន ឈុន​តារា​,

៣- លុះ​សមត្ថកិច្ច​តាម​ទាន់ ឬ​ចាប់​ថ្នាក់​បាន​ចំពោះ​ការប្រព្រឹត្ត​ក្នុង​គំនិត​ទុច្ចរិត​មួយ​នេះ ស្រាប់តែ​ត្រូវបាន​តុលាការ​បកស្រាយ​ថា ” គ្រាន់តែ​ជាការ​ថត​សម្ដែង​ត្រាប់​ប៉ុណ្ណោះ និង​បន្ត​ស្រាវជ្រាវ​រក​ប្រភព​អ្នក​ផលិត​រូប​អាភាស​ដែល​ត្រូវបាន​ចែកចាយ​លើ​បណ្ដាញ​សង្គម ” រួចហើយ​ស្រាប់តែ​ដោះលែង​ជន​ដែល​ប្រឌិត​ភស្តុតាង ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ​ទៅវិញ​។​

៤- ហេតុអ្វី​តុលាការ​មិន​នាំគ្នា​វិភាគ​សិក្សា​រក​ឲ្យ​ឃើញថា ទង្វើ​នេះ គឺជា​ការ​ប្រឌិត​ភស្តុតាង ដើម្បី​ផ្ដល់​សក្ខីកម្ម​បំភ័ន្ត​ភ្នែក​មហាជន និង​តុលាការ​ខ្លួនឯង​?

ជា​បន្ត​ទៅមុខទៀត មានតែ​រង់ចាំ​មើល​ការ​រើប​ង្រះ ការបកស្រាយ ពី​ក្រុម​មេធាវី​ភាគី​ខាង​កញ្ញា មាន ពេជ្រ​រីតា ម្ដងវិញ តើ​ក្រុម​មេធាវី​យល់​យ៉ាងណា ចំពោះ​ការ​ប្រឌិត​រូប​អាសអាភាស បែរ​ទៅជា​ថត​សម្ដែង​ប្រាប់​ទៅវិញ​នោះ ?!

​គួររំលឹកថា រឿង​ក្តីក្តាំ​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ខណៈដែល​កញ្ញា មាន​ពេជ្រ​រីតា បានមក​ជួប លោក​ឧកញ៉ា ហេង សៀ ដើម្បី​និយាយ​ពី​រឿង​ទិញ​អំណោយ​ចែកជូន​ជន​ខ្វះខាត​នៅក្នុង​តំបន់​ក្រហម ឬ​តំបន់​បិទ​ខ្ទប់ ហើយ​គ្រានោះ​ក៏​កើត​មានរឿង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​។​

​ដំបូង​ឡើយ ដើម្បី​ជាការ​យក​ប្រៀប លោក​ឧកញ៉ា ហេង សៀ បាន​ប្ដឹង​កញ្ញា​មាន ពេជ្រ​រីតា ជាមុន នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១, លុះ​ស្អែក​ឡើង គឺ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ មន្ត្រីនគរបាល​ក៏​រហ័ស​ទៅ​នាំខ្លួន​កញ្ញា មាន​ពេជ្រ​រីតា ដើម្បី​ចូល​បំភ្លឺ​សួរនាំ​រឿង​បណ្ដឹង​របស់​ឧកញ៉ា ហេង សៀ ចោទប្រកាន់ ” លួច​ទូរស័ព្ទ (​លួច​មាន​ស្ថាន​ទម្ងន់ទោស​) និង​បង្ក​របួសស្នាម “​។ មិនបាន​ប៉ុន្មាន​ម៉ោង​ផង ករណី​បណ្ដឹង​ក៏បាន​ទៅដល់​ដៃ​តុលាការ ហើយ​តុលាការ​បាន​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ភ្លាមៗ​។

​ជាការ​ធ្វើ​បដិការ​នៃ​បណ្ដឹង​របស់​ឧកញ៉ា​ហេង សៀ , កញ្ញា មាន ពេជ្រ​រីតា បានដាក់​ពាក្យបណ្ដឹង​ចូលទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ គឺ​ប្ដឹង​លោក​ឧកញ៉ា​ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នាង​ក្នុង​រថយន្ត ខណៈ​លោក​ឧកញ៉ា ហេង សៀ ហៅ​ឲ្យ​ចូល​ជជែក​គ្នា​ពី​រឿង​ទិញ​អំណោយ​ជូន​ជនក្រីក្រ​ក្នុង​តំបន់​បិទ​ខ្ទប់​អំឡុង​កូ​វីដ​-១៩​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្ដេច​តស៊ូ​រឿងក្តី​នេះ ការពារ​យុត្តិធម៌​ជូន កញ្ញា មាន​ពេជ្រ​រីតា រហូតដល់​ទីបញ្ចប់ , ហើយ​ទន្ទឹមគ្នានេះ ក្រសួង​កិច្ចការនារី​ក៏​កំពុងធ្វើការ​ស៊ើបអង្កេត និង​ចាត់​នីតិវិធីរឿងក្តី​នេះ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ផងដែរ​។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែឧសភា​ឆ្នាំ​២០២១ កញ្ញា មាន ពេជ្រ​រីតា ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​តាមផ្លូវ​តុលាការ ខណៈ​ក្រុម​មេធាវី​ការពារ​ក្តី​ស្ម័គ្រចិត្ត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ដោយ លោក គី តិច ចូល​អន្តរាគមន៍​តស៊ូ​រឿងក្តី​នេះ និង​ដាក់ពាក្យ​ស្នើសុំ​តុលាការ ឱ្យ​កញ្ញា មាន ពេជ្រ​រីតា បាន​ស្ថិត​នៅក្រៅ​ឃុំ​៕ ពិសិដ្ឋ CEN​

×