នេះគឺជាខណៈពេលដ៏ស្លុតរន្ធត់ និងគួរឲ្យហួសចិត្តខ្លាំងតែម្តង នៅពេលដែលបានឃើញអ្នកភូមិមួយនៅប្រទេសឥណ្ឌា បាននាំគ្នាដេកនៅលើដងផ្លូវ ឲ្យហ្វូងគោដើរជាន់ពីលើពួកគេទាំងកម្រោល ព្រោះតែពួកគេជឿថា ពិធីសាសនាមួយនេះ នឹងនាំមកនូវសំណាង។
តាមរយៈវីដេអូបានបង្ហាញមនុស្សរាប់សិបនាក់ ត្រូវបានជាន់ឈ្លីដោយហ្វូងសត្វគោធំៗរាប់រយក្បាល ដែលអាចមានទម្ងន់រហូតដល់ ១០០០ គីឡូ ក្នុង១ក្បាលៗ ស្ថិតនៅទីក្រុង Ujjain រដ្ឋ Madhya Prades ប្រទេសឥណ្ឌា។

ទោះបីជាមានហានិភ័យជាក់ស្តែងក៏ដោយ ក៏បុរសៗរាប់រយនាក់ទាំងនោះ បានធ្វើដំណើរទៅកាន់ទីក្រុងនេះ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលមានអាយុកាលរាប់សតវត្សរ៍ ហើយអ្នករៀបចំកម្មវិធីបានអះអាងថា គ្មាននរណាម្នាក់បានស្លាប់ឡើយ។
តែទោះបីជាអ្នកចូលរួមជាច្រើនបានរងរបួសយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏គេគិតថា សំណាងរបស់ពួកគេនឹងកើនឡើង នៅពេលដែលរបួសរបស់ពួកគេបានជាសះស្បើយ។

ខណៈមនុស្សម្នាកំពុងឈរមើលពិធីដ៏ញាក់សាច់នេះនៅតាមដងផ្លូវ អ្នកដឹកនាំម្នាក់បានប្រកាសថា៖ «សូមមេត្តារំកិលអែបខាងផង ដើម្បីទុកឱ្យគោចូលមក ខណៈបុរសៗដែលកំពុងចូលរួម អាចចូលដេកបាន›។
បន្ទាប់ពីអ្នកប្រកាសបានស្រែកឡើងនូវពាក្យស្លោកសរសើរ ពីការផ្តល់នូវភាពរុងរឿងរបស់ព្រះជាម្ចាស់ ដែលត្រូវបានគាំទ្រដោយហ្វូងមនុស្ស នៅពេលនោះគោរាប់រយក្បាលត្រូវបានព្រលែង ហើយពួកវាបានផ្អើលរត់ជាន់លើមនុស្សហាក់ទាំងបង្ខំ ដោយគោខ្លះពួកវាក៏បានព្យាយាមជៀសមនុស្សផងដែរ។
សត្វគោត្រូវបានគេចាត់ទុកថាជាសត្វដ៏ពិសិដ្ឋបំផុតនៅក្នុងសាសនាហិណ្ឌូ ហើយតាមរយៈទទួលការឈឺចាប់នេះ បុរសៗទាំងនោះត្រូវបានគេនិយាយថា កំពុងថ្វាយយញ្ញបូជាដល់សត្វគោ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









