ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួន ក្រោយពេលដែលជនសង្ស័យខាងលើ ញាមលួចគាស់ផ្ទះយកទ្រព្យសម្បត្តិបានម្តងហើយ បម្រុងចូលទៅគាស់ផ្ទះលួចម្តងទៀត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើរូបនេះ មានឈ្មោះ យី វិសាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ មានសារធាតុញៀន។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់រលួស ធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួសខណ្ឌដង្កោ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចហៅសួរនាំ និងធ្វើការឆែកឆេរ នៅក្នុងរ៉ីម៉កសណ្តោងម៉ូតូ របស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញសម្ភារៈ របស់ជនសង្ស័យ ដែលលាក់ទុកសម្រាប់លួចគាស់ផ្ទះ របស់ប្រជាពលរដ្ឋ រួមមាន ១/ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F-0636 និងរ៉ីម៉កសណ្តោងមួយគ្រឿង ដែកគាស់ចំនួន១ ដង្កាប់អូតូចំនួន១ ដង្កាប់ចំនួន២ ញញួរចំនួន១ តួណឺវីសចំនួន១ កូនសោលេខ១២ចំនួន១ កូនសោតាន់ចំនួន៥ដើម ដែកដាប់ចំនួន១ ដងតួណឺវីសចំនួន១ ក្រាមពណ៌ថ្លាសចំនួន១ថង់តូច និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន កាបូបស្ពាយពណ៌ប្រផេះចំនួន១។

សមត្ថកិច្ចក៏បាននាំខ្លួនទៅធ្វើការសាកសួបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលួស នៅចំពោះសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា រូបគេធ្លាប់បានចូលមកធ្វើសកម្មភាព លួចគាស់ផ្ទះប្រជាពលរដ្ឋ នៅក្នុងបុរីពិភពថ្មីកួរស្រូវទី៣ កាលពីថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១៦និង១៣នាទី បានសម្រេចម្តងផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖សួង សាម

