ស្រ្តីឈ្មោះ Mayra Alonzo អាយុ ៥៩ ឆ្នាំ បានចំណាយលុយ ១០០០ ដុល្លារ ដើម្បីធ្វើពិធីបុណ្យសពក្លែងក្លាយសម្រាប់ខ្លួនឯង និងបាននិយាយថា “ការស្លាប់ដោយសារជំងឺ Covid-19 បានជំរុញឱ្យខ្ញុំអបអរជីវិតជាមួយនឹងពិធីបុណ្យសពក្លែងក្លាយ” ។
អ្នកស្រី Mayra Alonzo បានធ្វើពិធីបុណ្យសពក្លែងក្លាយនៅផ្ទះរបស់ខ្លួន ស្ថិតនៅទីក្រុង Santiago (សាធារណៈរដ្ឋដូមីនីកែន) កាលពីចុងខែមេសា ដោយបានអញ្ជើញមិត្តភក្តិ មកធ្វើពុតជាកាន់ទុក្ខដល់រូបនាង។

អ្នកស្រី Alonzo បានចូលទៅដេកក្នុងក្តារមឈូសពណ៌សដែលនាងបានជួលសម្រាប់ថ្ងៃនោះ។ នាងបានស្លៀកឈុតសពីក្បាលដល់ចុងជើង ពាក់មកុដផ្កា និងដាក់សំឡីញ៉ុកច្រមុះ ដើម្បីឲ្យមើលទៅដូចសាកសពពិតៗ។
យោងតាមគេហទំព័រព័ត៌មាន Listin Diario បានឱ្យដឹងថា ពិធីបុណ្យសពនេះ គឺត្រូវបានចំណាយប្រាក់ ៧១០ ផោន (ស្មើ ១ពាន់ដុល្លារ) រួមទាំងថ្លៃឈ្នួលមឈូស និងក៏ដូចជាភេសជ្ជៈសម្រាប់ទទួលភ្ញៀវរាប់សិបនាក់ផងដែរ។
មិត្ដភក្ដិ ក្រុមគ្រួសារ និងអ្នកជិតខាងរបស់អ្នកស្រី Alonzo បានធ្វើពុតជាយំសោក ពេលកំពុងថតរូប។ អ្នកស្រី Alonzo បានអរគុណដល់អ្នកទាំងអស់គ្នានោះ ដែលបានជួយរៀបចំពិធីបុណ្យសពដោយជោគជ័យ។

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិតជាមានការងឿងឆ្ងល់ជាខ្លាំង ចំពោះហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ ដោយក្នុងនោះ អ្នកខ្លះបានរិះគន់ Alonzo ចំពោះការធ្វើពិធីបុណ្យសពក្លែងក្លាយ នៅពេលដែលមានមនុស្សជាច្រើន បានស្លាប់ដោយសារការរីករាលដាលនៃ Covid-19 ។ រីឯអ្នកខ្លះទៀតក៏បាននិយាយថា “រឿងខ្លះមិនគួររញ៉េរញ៉ៃទេ។ មានមនុស្សជាច្រើនដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដោយសារ Covid-19” ។
ទោះយ៉ាងណា អ្នកស្រី Alonzo បាននិយាយថា វាជាការស្លាប់ក្នុងអំឡុងពេលមានរោគរាតត្បាត ដែលជំរុញឱ្យនាងអបអរជីវិតរបស់នាង ជាមួយនឹងពិធីបុណ្យសពក្លែងក្លាយ។ ទោះយ៉ាងណាស្ត្រីអាយុ ៥៩ ឆ្នាំរូបនេះ ក៏បានណែនាំដល់ប្រជាជនមិនឱ្យស្លាប់នៅពេលនេះទេ “ព្រោះវាក្តៅខ្លាំងណាស់នៅក្នុងមឈូស និងឯកកោខ្លាំងណាស់”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


