Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាប្រធាន កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ខាងមុខនេះ ពោលគឺធ្វើតាំងពីដើមឆ្នាំដល់ចុងឆ្នាំ ហើយនៅពេលដែលសាធារណរដ្ឋឆែក ធ្វើជាប្រធានសហភាពអឺរ៉ុប ពាក់កណ្តាលឆ្នាំ២០២២ ស្របដែលកម្ពុជាធ្វើជាប្រធានអាស៊ានដែរនោះ គឺភាគីទាំងពីរខិតខំធ្វើយ៉ាងណាឲ្យអង្គការទាំងពីរ សហភាពអឺរ៉ុប អាស៊ានឲ្យមានកិច្ចសហប្រតិបត្តិការ។
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា ជាមួយឯកអគ្គរដ្ឋទូតឆែកលោកម៉ាទីន វ៉ាប្រា (Martin Vávra ) កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោកកុយ គួង បានមានប្រសាសន៍បន្ទាប់ពីជំនួបបញ្ចប់ថា នៅក្នុងជំនួបពិភាក្សាឯកអគ្គរដ្ឋទូតឆែក បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា បច្ចុប្បន្ននេះឆែកក៏កំពុងត្រៀមខ្លួន ដើម្បីទទួលធ្វើជាប្រធាននៃសហភាពអឺរ៉ុបនៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខនេះដែរ គឺធ្វើតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ នៅពេលដែលឆែកធ្វើជាប្រធានសហភាពអឺរ៉ុបពាក់កណ្តាលឆ្នាំ២០២២ ហើយស្របនឹងកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ គឺភាគីទាំងពីរខិតខំធ្វើយ៉ាងណាឲ្យអង្គការទាំងពីរ គឺសហភាពអឺរ៉ុប ក៏ដូចជាអាស៊ានឲ្យមានកិច្ចសហប្រតិបត្តិការកាន់តតែប្រសើរឡើងថែមទៀត។

លោកកុយ គួង បានបន្តថា ក្នុងកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងឆែក ក៏មានយន្តការពិគ្រោះយោបល់ទ្វេភាគីដែរ ដែលកន្លងមកបានជួបប្រជុំគ្នាម្តងមកហើយកាលពីឆ្នាំ២០១៨ ហើយភាគីទាំងពីរក៏បានរិះរក នៅពេលវេលាសមស្របណាមួយបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ នឹងមានការជួបប្រជុំលើកទី២ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យបានកាន់តែទូលំទូលាយ។ ហើយកម្ពុជាត្រូវបានសាធារណរដ្ឋឆែកជ្រើសរើសជាប្រទេសអាទិភាព និងជាប្រទេសដៃគូរអភិវឌ្ឍន៍ក្នុងចំណោមប្រទេស១៦ ដែលសាធារណរដ្ឋឆែកជ្រើសរើសជាដៃគូរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការអបអរសាទរនៃខួបទំនាក់ទំនងការទូតកម្ពុជា -ឆែក មានរយៈពេល ៦៥ឆ្នាំ (១៨ខែ ឧសភា១៩៥៦-១៨ខែឧសភាឆ្នាំ២០២១)។លោកបានកត់សម្គាល់ថាទំនាក់ទំនងរវាង កម្ពុជា-ឆែកមកដល់បច្ចុប្បន្នមានការរីកចម្រើន ជាលំដាប់ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ។
លោក ម៉ាទីន វ៉ាប្រា ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា បានជម្រាបជូនលោកឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន ថានៅក្នុងបេសកកម្មការទូតនៅកម្ពុជា លោកនិងពិនិត្យមើលនិងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត រវាងឆែក-កម្ពុជា។ កន្លងមកទំនាក់ទំនងកម្រិតនយោបាយ រវាងប្រទេសទាំងពីរគឺមានទំនាក់ទំនងល្អ។៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×