Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករចិញ្ចឹមគោធម្មជាតិ ចាប់ផ្តើមផ្លាស់ប្ដូរទម្លាប់ ងាកមកចិញ្ចឹមគោសិប្បនិម្មិត បង្កាត់មេគោពូជធំៗ លក់បានតម្លៃថ្លៃ

ស្ទឹងត្រែង ៖ អ្នកចិញ្ចឹមសត្វពាហនៈ គោ ក្របីតាំងពីដូនតា តាមតំបន់ ស្រុកស្រែចំការ ក្នុងខេត្តស្ទឹងត្រែងបានផ្លាស់ប្តូរទម្លាប់ពី ចិញ្ចឹមគោតាមបែបធម្មជាតិ ងាកមកចិញ្ចឹមមេគោបង្កាត់ ពូជធំបច្ចេកទេសខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារសព្វថ្ងៃ លក់ចេញបានតម្លៃថ្លៃ។

លោក ហ្វង ប៊ុនឡាន់ វ័យ ៥២ឆ្នាំ កសិករភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានរៀបរាប់ថា ដំបូងឡើយគាត់ចិញ្ចឹមគោតាំងពីដូនតាមកម្ល៉េះ ហើយគោដែលគាត់ចិញ្ចឹមនោះ គឺជាប្រភេទគោស្រែតូចៗ បង្កាត់ពូជទៅតាមធម្មជាតិ។ គោស្រែដែលលោកបានចិញ្ចឹមនោះ លក់ចេញក្នុងមួយក្បាលត្រឹមជាង១លានរៀលប៉ុណ្ណោះ។ ប៉ុន្តែចាប់តាំង ពីកសិករនេះ ទទួលបានការពន្យល់ពីខាងជំនាញកសិកម្មខេត្តមក ក៏ចាប់អារម្មណ៍ចិញ្ចឹមមេគោពូជធំៗវិញម្ដង។

មេគោធំដែលលោកប៊ុន ឡាន់ ចិញ្ចឹម គឺមេក្នុងស្រុកកាត់ពូជទន្លេ។ មេគោក្នុងស្រុកកាត់ពូជទន្លេនេះ គឺមាននៅក្នុងស្រុកស្រាប់អាចលក់ចេញ បានតម្លៃខ្ពស់រហូតដល់ទៅ៤លានរៀល ឬស្មើ១.០០០ដុល្លារក្នុងមួយក្បាល។

កសិករ ហ្វង ប៊ុនឡាន់ បានចាប់ផ្តើមចិញ្ចឹមគោពូជធំជាលើកទី២ បន្ទាប់ពីលើកដំបូង ចិញ្ចឹមលក់ចេញបានជាង២០ក្បាលរួចហើយ ។ លោកថា ក្នុងមួយឆ្នាំគាត់ចិញ្ចឹមគោបាន ២០ក្បាល លក់ចេញបានតម្លៃយ៉ាងតិចក៏ ២ម៉ឺនដុល្លារដែរ។

លោក ហ្វង ប៊ុនឡាន់ បាននិយាយបន្តថាបើសិនជាគាត់ ចិញ្ចឹមគោ បានពី២០ ទៅ ៣០ ក្បាលនោះគាត់ នឹងបានប្រាក់ចំណូលកាន់តែខ្ពស់ អាចដោះស្រាយជីវភាពប្រចាំថ្ងៃ និងយកប្រាក់ដែលបានពីលក់គោ ទៅចំណាយផ្សេងៗទៀត តាមតម្រូវការក្នុងគ្រួសារ។

បង្កាត់ពូជគោសិប្បនិម្មិតកសិកររូបនេះ បានចាប់អារម្មណ៍បង្កាត់ពូជមកពីប្រទេសថៃ គឺពូជប្រាម៉ាន់ CY096។ មូលហេតុដែលចាប់អារម្មណ៍បង្កាត់ពូជប្រភេទនេះ ព្រោះវាងាយស្រួលចិញ្ចឹមមេគោ បង្កាត់ពូជមិនខាតបង់។

លោក ងិន អាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នៅក្នុងសកម្មភាពដាក់ស្ពែមគោ ដល់កសិករ បច្ចុប្បន្មកសិករនិយមប្រើប្រាស់ មេជីវិតសត្វគោធំៗ ដែលយកមកពីប្រទេសផ្សេងៗ ហើយបានជ្រើសរើសទៅលើគោសាច់ ឬគោខ្នាតកណ្តាលរបស់ពួកគាត់ ដើម្បីឲ្យកាត់បានជាពូជតាមតម្រូវការ។

លោកងិន អាន បានបន្តថា បច្ចុប្បន្នអគ្គនាយកដ្ឋានពេទ្យសត្វ បានផលិតស្ពែមគោទន្លេ ហើយក៏ទទួលបានជោគជ័យ លើការបង្កាត់មេពូជនេះដែរ។ កសិករនៅខេត្តស្ទឹងត្រែង និយមប្រើពូជប្រាម៉ាន់ CY 096 មកពីប្រទេសថៃ។

កសិករខ្លះទៀតប្រើពូជឥណ្ឌូប្រេសុីល ត្រចៀកវែង មានណព៌ស ពណ៌ក្រហម និងពណ៌ខ្មៅពូជ B ម៉ាស្ទ័រ ពូជ ឆារ៉ូឡេ ពូជ វ៉ាគៀវ របស់ប្រទេសជប៉ុន។ នៅប្រទេសគេ សាច់របស់វាមានគុណភាព ហើយលក់លើផ្សារទំនើបតម្លៃ២០០ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំពោះទីផ្សារនៅកម្ពុជាយើង ក៏មិនអន់ប៉ុន្មានដែរ។

លោកអនុប្រធានការិយាល័យផលិតកម្មបសុព្យាបាល ក៏បានបញ្ជាក់បន្ថែមថា មេជីវិតពូជគោដែលកសិករចង់បាន តាមតម្រូវការនោះ គេអាចដាក់បញ្ចូលមេជីវិត រហូត៤ទៅ ៥ ដងគឺលើកទី១ ការដាក់មេជីវិត អាចបង្កាត់បាន៥០ភាគរយ លើកទី២ អាចកាត់បាន៧៥ភាគរយ ដាក់លើកទី៣ អាចកាត់បាន ៩០ភាគរយ និងការដាក់លើកទី៤ និងទី៥ បានន័យថាជាន់ឈាម អាចកាត់បានស្ទើរ១០០ភាគ១០០។

មន្ត្រីបច្ចេកទេស បានកត់សម្គាល់ឃើញថា កសិករនៅខេត្តស្ទឹងត្រែង ចាប់ប្ដើមចិញ្ចឹមគោមេពូជកាន់តែច្រើនឡើង ដើម្បីបំពេញតាមតម្រូវការលក់ នៅក្នុងខេត្ត និងបន្តលក់ចេញទៅកាន់ទីក្រុងភ្នំពេញ។

លោកងិន អាន បានបន្ថែមទៀតថា តម្រូវទីផ្សារសាច់គោសព្វថ្ងៃនេះ មិនគ្រប់គ្រាន់តាមតម្រូវការ របស់អ្នកទទួលទានបានឡើយ។ លោកជំរុញដល់កសិករ ខិតខំចិញ្ចឹមគោបន្ថែម កាន់តែច្រើន ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។

ចំពោះហានិភ័យចិញ្ចឹមគោ មានកម្រិតទាបជាងចិញ្ចឹមសត្វផ្សេងៗ លោកជំរុញឲ្យកសិករចិញ្ចឹមគោ តាមបែបបង្កាត់ពូជសិប្បនិម្មិតនេះ ឲ្យកាន់តែច្រើន។ ចំពោះហានិភ័យមិនមានជាបញ្ហាចោទទេ ដោយសារតែកសិករនាំគ្នាចិញ្ចឹមថែទាំ រាល់ថ្ងៃនឹងមានការចាក់វ៉ាក់សាំង ការពារបានត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ៖សំណាង

×