ភ្នំពេញ ៖ បន្ទាប់ពីបានសម្រេចទទួលស្គាល់ ជាផ្លូវការនូវការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សនយោបាយចំនួន ៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោត ដោយព្រះសង្ឃ ដើម្បីកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា លទ្ធផលនៃការចាប់ឆ្នោតលំដាប់លេខរៀង ដែលគណបក្សនយោបាយនីមួយៗ ទទួលបាន មានដូចតទៅ ៖
- គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១
- គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២
- គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣
- គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤

គ.ជ.ប បានបញ្ជាក់ថា ការកំណត់លំដាប់លេខរៀង គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត នឹងជួយបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ហើយជួយឱ្យអ្នកបោះឆ្នោត អាចស្គាល់បានដោយងាយនូវលេខរៀង និងឈ្មោះគណបក្សនយោបាយ ដែលគាត់ស្រឡាញ់ពេញចិត្ត។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវបិទផ្សាយបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចាប់ឆ្នោតរួចហើយ ក្នុងរយៈពេលយ៉ាងតិច ៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត យោងតាមមាត្រា ២៦ នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា៕ រក្សាសិទ្ធិដោយៈ ចេស្តារ


