Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ខៀវ កាញារីទ្ធ ៖ ការ​ចងក្រង​សៀវភៅ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ទុកជា​អនុស្សាវរីយ៍ និង​ការចងចាំ របស់​បណ្តា​យុទ្ធ​មិត្ត ក្នុង​សមរភូមិ​សតិអារម្មណ៍​

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ថ្លែងថា ការដែល​រៀបចំ​ចងក្រង​បោះពុម្ព​សៀវភៅ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជា​ឯកសា​ប្រ​វ​ត្ដិ​សាស្ដ្រ ថ្មី របស់​ប្រទេស​កម្ពុជា​នេះ​ឡើង គឺ​សម្រាប់​ទុកជា​អនុស្សាវរីយ៍ និង​ការចងចាំ របស់​បណ្តា​យុទ្ធ​មិត្ត ក្នុង​សមរភូមិ​សតិអារម្មណ៍ ហើយក៏​ជាការ​រម្លឹក​ពី​តថភាព​សង្គម ចាប់តាំងពី​សម័យ​នោះ​ផងដែរ​។​

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចាត់ទុក​សៀវភៅ​ស្តីពី​កិច្ច ខិតខំ​ប្រឹងប្រែង​ដែល​គ្រោង​ចងក្រង​រៀបចំឡើង​ដោយ​គណៈកម្មការ​បោះពុម្ព​សៀវភៅ​នៃ​ក្រសួង​ព័ត៌មាន ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​១៩ គឺ​ទុកជា​ឯកសារ​ប្រ​វ​ត្ដិ​សាស្ដ្រ​ថ្មី មួយ​របស់ ប្រទេស​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ការចូលរួម​របស់​ក្រសួង​ព័ត៌មាន តាមរយៈ​ការផ្សាយ​ព័ត៌មាន​ពិត​។ ការលើកឡើង​របស់ លោក រដ្ឋមន្ដ្រី​នេះ គឺធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​បោះពុម្ព​សៀវភៅ​ស្ដីពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​សៀវភៅ​កំណាព្យ កាលពី​សម័យ​១៩៨០ ដល់​១៩៨៣ និង​សៀវភៅ​ស្តីពី កម្ពុជា ឆ្នាំ​២០២១ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន ។​

លោក ខៀវ កាញារីទ្ធ បាន​លើកឡើងថា ការរៀបចំ​ចងក្រង​សៀវភៅ​នេះ​ឡើង របស់​ក្រសួង​ព័ត៌មាន​តាមរយៈ​ការចូលរួម​ផ្សាយ​ព័ត៌មាន​ពិត និង​ការ​រួមគ្នា​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែលមាន​ក្រុម​បំពុល តែងតែ​បំផុស​ព័ត៌មាន ប្រឌិត​រឿង​នានា​ជា ច្រើន ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​ពីដំបូង រហូតមក​ដល់ពេល បច្ចុប្បន្ននេះ​។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ដថា សៀវភៅ​នេះដែរ​ក៏បាន​បង្ហាញ​ពី​យុទ្ធនា ការចាក់ វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ ទោះបី​ក្រុម​បំពុលសង្គម​បាន​បំផុស កុំឱ្យ​ប្រជាជន​ទៅ​ចាក់ ហើយ​ក្រោយមកទៀត បាន​ចោទ​រាជរដ្ឋាភិបាល​ថា មិន​ចាក់​វ៉ាក់សាំង​ឱ្យ ប្រជាជន ដែល​បញ្ហា​ទាំងអស់នេះ ត្រូវបាន​ចងក្រង​ទុក​ក្នុង​សៀវភៅ​នេះដែរ​។​

លោក​បាន​លើកឡើងថា ការ​ចងក្រង​សៀវភៅ​នេះ​ក៏បាន​សិក្សា​ស្រាវជ្រាវ​ពី​ការ ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ការផ្តល់​ជា​ស្បៀង អាហារ និង​ថវិកា​ជូន​ដល់​ប្រជាជន ដែល​រង​ផលប៉ះពាល់ ដោយសារ​កូ​វីដ​១៩ រួមទាំង​ការចូល រួម​ជួយ​ពី​សប្បុរសជន និង​មន្ត្រីរាជការ ផងដែរ ។​

លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន និង ជា​អ្នកនិពន្ធ​សៀវភៅ​បែប​ប្រវត្តិសាស្ត្រ​នានា និង​ក៏​ជា​អ្នកទទួល​រៀបចំតាក់តែង សៀវភៅ​ស្តីពី​ការប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ បាន​លើកឡើងថា សៀវភៅ​ថ្មី​នេះ គឺធ្វើឡើង​ក្នុងន័យ បង្ហាញ​ពី​សកម្មភាព​ការងារ​របស់​ក្រសួង​ព័ត៌មាន ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​បង្ហាញ​ពី​សកម្មភាព​របស់​ឯក​ឧ​ត្ត​ម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន រួមជាមួយ​ថ្នាក់ដឹកនាំ ក៏ដូចជា​ការរួម​គ្នា​ពី អគ្គនាយក ដ្ឋា​ន​ទាំង​៥​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ក្រុមការងារ​App ក្រសួង​សហភាព​សហព័ន្ធ យុវជន កម្ពុជា​ក្នុង​វិស័យ​ព័ត៌មាន សមាគមនារី ក្រសួង​ព័ត៌មាន ព្រមទាំង​បណ្តា​មន្ទីរ​ព័ត៌មាន រាជធានី ខេត្ត​។ ជាមួយគ្នានេះដែរ គណ​:​កម្ម​ការបោះពុម្ព​សៀវភៅ​ក្រសួង​ព័ត៌មាន ក៏បាន​ពិភាក្សាគ្នា ស្តីពី​គម្រោង​រៀបចំ​បោះពុម្ព​សៀវភៅ​កំណាព្យ ដែល​បាន​តែង​និពន្ធ​តាំងពី​កំឡុង​ឆ្នាំ​១៩៨០ រហូតដល់​ឆ្នាំ​១៩៨៣ បាន​ចុះផ្សាយ​នៅក្នុង​កាសែត​កម្ពុជា កាលពី​សម័យ កាលនោះ ហើយ​ត្រូវបាន លោក ខៀវ ណាវី ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អតីត​អ្នកកាសែត​កម្ពុជា បាន​ប្រមូល​ទុក​ចងក្រង​មកដល់​បច្ចុប្បន្ន មាន​ចំនួន​៩៨​កំណាព្យ​មាន​លក្ខណៈ ជាការ​អប់រំ​ការ បំផុស​ឱ្យ​ប្រជាជន​ចូលរួម​បង្កបង្កើនផល និង​ការការពារ​ប្រទេស ក្នុង​ដំណាក់​នោះ​។ ចំពោះ​កំណាព្យ ទាំងអស់នេះ គឺជា​ស្នាដៃ​របស់​អ្នកកាសែត​កម្ពុជា កាលពី​សម័យ​នោះ ដែល​មកដល់ពេលនេះ អ្នកខ្លះ​បាន​ស្លាប់ និង​បាត់​ខ្លួន​ទៅហើយ​សល់​តែមួយ​ចំនួន​បាន​រស់ មកដល់​សម័យនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×