Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាក់ទំនងជាបងប្អូន រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម តែងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ បានចាក់ឫសយ៉ាងជ្រៅទៅ ក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ

ភ្នំពេញ ៖ ខ្លឹមសារជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេស នៃគណបក្សប្រជាជនកម្ពុជា ជាមួយឯកឧត្តម ឡេ ហាយជុង ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទីរសៀល ឯកឧត្តម ប្រាក់ សុខុន សមាជិក គណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួប សន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម ឡេ ហាយជុង សមាជិគគណៈកម្មាធិការមជ្ឈិម និងជាប្រធាន គណៈទាក់ទងបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងស្ថាប័នទាំងពីរ ព្រមទាំងស្ដាប់បទឧទ្ទេសនាមចំណុចសំខាន់ៗនៃលទ្ធផលមហាសន្និបាតលើកទី១៣ របស់ គណប្សកុម្មុយនីស្តវៀតណាម។

នៅក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវសេចក្តីរីករាយដែលបានជួបសន្ទនាជាមួយឯកឧត្តម ឡេ ហាយជុង តាមប្រព័ន្ធវីដេអូ និងបានអបអរសាទរចំពោះឯកឧត្តម ឡេ ហាយជុង ដែលត្រូវបានគណបក្ស កុម្មុយនីស្តវៀតណាមតែងតាំងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ឆ្លៀតឱកាសនេះដែរ ភាគីទាំងពីរ បានពាំនាំនូវការសួរសុខទុក្ខទៅវិញទៅមកពីសំណាក់ថ្នាក់ដឹកនាំជាន់ ខ្ពស់នៃគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាចំពោះសមភាគីទាំងពីរផ្ទាល់ផងដែរ ។

ភាគីទាំងពីរបានអះអាងថា ប្រវត្តិនៃទំនាក់ទំនងជាបងប្អូនរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ដែលតែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ បានចាក់ឫសយ៉ាងជ្រៅទៅ ក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរ។ ក្រោមមាគ៌ាដ៏ ត្រឹមត្រូវនិងឈ្លាសវៃរបស់គណបក្ស និងថ្នាក់ដឹកនាំបក្សទាំងពីរ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងនេះ ក៏ត្រូវ បានពង្រឹងនិងពង្រីកតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។

ជាងនេះទៅទៀត ចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងគណបក្ស យើងទាំងពីរ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកំពស់ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យមានការរីកចំរើនលើគ្រប់វិស័យ។ ប្រការដ៏គួរឱ្យស្ញប់ស្ញែងគឺ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃ ជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរ កាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នាតាមរយៈការជួបសន្ទនាគ្នា ការផ្ញើសារសួរសុខទុក្ខ និងការគាំទ្រគ្នាទាំងសម្ភារ និងស្មារតីទៅវិញទៅមកយ៉ាង ញឹកញាប់ និងជាប្រចាំ។

ក្នុងជំនួបនេះ ឯកឧត្តម ឡេ ហាយជុង បានឧទ្ទេសនាមចំណុចសំខាន់ៗនៃលទ្ធផលមហាសន្និបាតលើក ទី១៣ របស់គណប្សកុម្មុយនីស្តវៀតណាម ដោយបានសង្កត់ធ្ងន់ថា រយៈពេល៣៥ឆ្នាំនៃកំណែទម្រង់ Dol Moi បានបោះជំហានទៅមុខ និងរីកចម្រើនយ៉ាងឆាប់រហ័ស ។ ការអភិវឌ្ឍសេដ្ឋកិច្ចបានពង្រីក និងលើកំពស់យ៉ាង ខ្លាំងដែលពីមុនវៀតណាមមាន GDP ៦,៣ ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ១៩៨៩ និងបានកើនឡើងដល់៣៤៣ ប៊ីលានដុល្លាអាមេរិកនៅឆ្នាំ២០២០។សន្និបាតបានបញ្ជាក់ពីគោលនយោបាយការបរទេសប្រកបដោយឯករាជ្យ សន្តិភាព សហប្រតិបត្តិការ ពហុភាគី និងការធ្វើពិពិធកម្មទំនាក់ទំនងខាងក្រៅតាមរយៈ ពង្រឹងកិច្ចការការបរទេសរបស់បក្ស រដ្ឋ និងប្រជាជន។ កសាងការទូតទំនើប និងគ្រប់ជ្រុងជ្រោយ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី លើកកម្ពស់ការពារជាតិនិងសុន្តិសុខ និងជំរុញការទូតសេដ្ឋកិច្ច។

ឯកឧត្តម ប្រាក់ សុខុន តាងនាមគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ បានថ្លែងអំណរគុណដ៏ស្មោះស្ម័គ្របំផុតចំពោះឯកឧត្តម ឡេ ហាយជុង និងសហការី ដែលបានធ្វើបទឧទ្ទេសនាមអំពីខ្លឹមសារសំខាន់ៗនៃលទ្ធផលមហាសន្និបាតតំណាងទូទាំង ប្រទេសរបស់គណបក្សកម្មុយនីស្តវៀតណាម លើកទី១៣ តាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ។ ជំនួបថ្ងៃនេះពិតជា ទទួលបាននូវលទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត ដោយអនុញ្ញាតឲ្យយើងស្គាល់គ្នាកាន់តែស្និទ្ធស្នាល និងបានរួមចំណែក យ៉ាងសំខាន់ដល់ការពូនជ្រំទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅ សាមគ្គីភាពដ៏រឹងមាំ និងពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនយើងទាំងពីរ ដើម្បីផលប្រយោជន៍រួមរបស់ ប្រទេសយើងទាំងពីរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×