Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចងសម្ព័ន្ធភាពធំមួយ នឹងកើតឡើង បន្ទាប់ពីហ៊្វុនស៊ិនប៉ិច-ខ្មែររួបរួមជាតិ ច្របាច់បញ្ចូលគ្នា

ភ្នំពេញ ៖ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច នឹងធ្វើការច្របាច់បញ្ចូលគ្នានៅពេលឆាប់ៗខាងមុនេះ ។ បន្ទាប់ពីមានការបង្រួបបង្រួមគ្នារួចហើយរវាងគណបក្សរាជានិយមទាំងពីរនេះ គឺនឹងមានការចងជាសម្ព័ន្ធភាពដ៏ធំមួយ ជាមួយគណបក្សនយោបាយមួយចំនួនដែល ទើបបង្កើតថ្មីដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការចូលរួមបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣។ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរ និងការចងសម្ព័ន្ធភាព ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុនេះ។

លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា លោកបានជួបពិភាក្សាជាមួយម្ចាស់ក្សត្រីយ៍ ម៉ារី រណឫទ្ធិ អំពីការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងពាក់ព័ន្ធសម្ព័ន្ធភាពចង់ឲ្យមានការបង្រួបបង្រួមគ្នាដែលកំពុងតែដំណើរការ និងពន្លឿនឲ្យការបង្រួបបង្រួមចេញឲ្យបានឆាប់ ពីព្រោះសល់ពេលតែ ១ឆ្នាំគត់ ដែលត្រូវចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ។

លោកបានបញ្ជាក់ថា “ដំណើរការពិភាក្សាគឺជាងមួយសប្តាហ៍ហើយ និងកំពុងតែសម្របសម្រួលក្បាលម៉ាស៊ីនដឹកនាំ នៅពេលដែលបង្រួបបង្រួមគ្នាហើយ តើយើងមានក្បាលម៉ាស៊ីនដឹកនាំរបៀបម៉េច? ត្រង់ចំណុចនេះ គឺមានសារសំខាន់។ ហើយការពិភាក្សាគ្នា គឺបានដំណើរការទៅដោយរលូន ដូចជាមិនមានឧបសគ្គអ្វីទេ។ ហេតុនេះ នៅពេលឆាប់ៗខាងមុខនេះ មិនយូរទេ យើងនឹងអាចចេញជារូបរាងមែនទែនហើយ ក្នុងការបង្រួបបង្រួមគ្នានេះ ដើម្បីឲ្យយើងបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងឈានទៅដល់ការចូលរួមបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ”។

លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា បន្ទាប់ពីការបង្រួបបង្រួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច រួចហើយ គឺនឹងមានការចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយមួយចំនួន ក្នុងនោះមានទាំងអតីតគណបក្សប្រឆាំងមកចូលរួមផងដែរ ដើម្បីរួមគ្នាតែមួយក្នុងការចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍ចំពោះការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរ និងការចងសម្ព័ន្ធភាព ពីព្រោះការចងសម្ព័ន្ធភាពរវាងគណបក្សនិងគណបក្ស គឺមិនមានច្បាប់ហាមឃាត់ទេ គឺគណបក្សអាចធ្វើសម្ព័ន្ធភាពជាមួយគ្នាបាន។ ដោយលោកបញ្ជាក់ថា “វាអត់មានបញ្ហាអីទេ យើងក៏អត់មានការថ្នាំងថ្នាក់អីដែរ ធ្វើម៉េចឲ្យគាត់គោរពតាមគោលការណ៍ច្បាប់ ហើយនិងសិទ្ធិនយោបាយរបស់គាត់ឲ្យបានត្រឹមត្រូវទៅយើងអត់មានជំទាស់អីទេ យើងស្វាគមន៍”។

លោកសុខ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាចង់បានដៃគូរប្រកួតដែលមានសក្តានុពល និងស្វាគមន៍ការអនុវត្តសិទ្ធិនយោបាយរបស់គណបក្សទាំងពីរ ទាំងបីនោះ ដែលចងសម្ព័ន្ធភាពចាច្រើន៕ រក្សាសិទ្ធិដោយ: ចេស្តារ

spot_img
×